អភិបាលខេត្តកណ្តាល ការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន
កណ្ដាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្ដម គង់ សោភ័ណ្ឌ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្តកណ្តាលបានថ្លែងថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ គឺជាទិវាប្រវត្តិសាស្រ្ត ប្រកបដោយមោទនភាពបំផុតដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៤ ដើម្បីអបអរទិវាអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស។
ឯកឧត្តមបន្តថាការប្រារព្ធពិធីនេះឡើងគឺដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ កំណត់យកថ្ងៃទី២១ មិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំ។ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជម្រុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិប្រជាជនកម្ពុជាយើង។
ក្នុងទិវានេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ សូមលំឱនកាយគោរព ចំពោះដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខ ប្រកបដោយក្តីស្រាលាញ់ដ៏ជ្រាលជ្រៅជូនចំពោះបងប្អូន អតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន ដែលបាននឹងកំពុងបន្តចូលរួមយ៉ាង សស្រាក់សស្រាំ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលក៏បាននាំយកអំណោយ ដើម្បីប្រគល់ជូនដល់អតីតយុទ្ធជន ចំនួន ២១០នាក់ ដែលបានអញ្ជើញចូលរួម ដោយក្នុងមួយនាក់ទទួលបានអង្ករ ២០គ.ក មី០១កេស ត្រីខ០១យួរ ទឹកស៊ីអុីវ០១យួរ ម៉ាស់០១ប្រអប់ និងថវិកាចំនួន ១០០,០០០រៀល(មួយរយពាន់រៀល)៕