ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានបញ្ចប់ចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
កណ្ដាល៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ចំនួន ១៤០ នាក់ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលផ្ដល់ជូន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ។
មានប្រសាសន៍សំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានបញ្ចប់ចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក។
ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការ ទាំង១៤០ នាក់ ព្រមទាំងបានកោតសរសើដល់ប្រជាពលរដ្ឋ ពិសពិសេសមន្ត្រីរាជការក្នុងខេត្តកណ្ដាល ដែលបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ ក្នុងរយៈពេលនៃការធ្វើចត្តឡីស័កនៅមណ្ឌលចត្តាឡីស័ក។ ហើយឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងនាក់១៤០នាក់ ពេលត្រឡប់ទៅលំនៅឋានវិញ ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ពិសេសត្រូវបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅកាត់ផ្ដាច់នូវខ្សែចម្លងចូលក្នុងសហគមន៍ ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ឲ្យបាននាពេលខាងមុខ។
ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ទាំង១៤០នាក់ មកពីមណ្ឌលចត្តាឡីស័កចំនួន៣ រួមមានមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មណ្ឌលវិក្រឹតការភូមិភាគ និងមណ្ឌលបឋមសិក្សាព្រែកសំរោង។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុងម្នាក់ទទួលបាន៖ អង្ករ ២០ គីឡូក្រាម ,ទឹកសុទ្ធ ១កេស ,ត្រីខ ១ យួរ ,មី ១កេស ,អាល់កុល ១ដប ,ម៉ាស ១០បន្ទះ ,និងថវិកា ៤ម៉ឺនរៀល។