ឯកឧត្ដមតាំង ម៉េងលាន អភិបាលរងខេត្តជាប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ អមដំណើរដោយ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តព្រម ឯកឧត្តម នៃ និយម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះជួយសង្កាត់តាខ្មៅ ខេត្តកណ្ដាល មន្ត្រីរាជការបាននាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត ស្ថិតក្នុងសង្កាត់តាខ្មៅ
កណ្តាល ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមតាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ អមដំណើរដោយ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត អនុប្រធានទី១ ឯកឧត្តម នៃ និយម អនុប្រធានទី៣ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះជួយសង្កាត់តាខ្មៅ ប្រធាន អនុប្រធានក្រុមការងារភូមិទាំង១១ និងលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មន្ត្រីរាជការ នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាវចំនួន២វត្ត ស្ថិតនៅវត្តកណ្ធារាមហៅវត្តតាខ្មៅ និងវត្តព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃ ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។
ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមតាំង ម៉េងលានបានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ។
សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនមាន៖
-ប្រគេនវត្តទាំងពីរ ៖ បច្ច័យ ១,៤១០០០០រៀល, ទៀនព្រះវស្សា០១គូ, អង្ករ២៥០គីឡូ,ទឹកសុទ្ធ៥កេះ,មី៥កេះ, ត្រីខ១កេះ, សាដក់០១, ម៉ាស់ ០១កេះផងដែរ៕