ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាពង្រីកផ្លូវមួយខ្សែ ជាងមួយគីឡូម៉ែត្រ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែប្រវែងជាង១គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ផ្លូវលេខ ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋរួចរាល់។
តាមមន្ត្រីរដ្ឋបាលខណ្ឌមានជ័យ ឲ្យដឹងថា កំណាត់ផ្លូវនេះជាផ្លូវឲ្យមានលក្ខណៈតូចចង្អៀត និងដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ ចុះសិក្សាគម្រោងបើកកផ្លួវនេះឲ្យបានធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីឲ្យរាជធានីភ្នំពេញ មានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។
កំណាត់ផ្លូវនេះមានប្រវែងជាង១គីឡូម៉ែត្រ មានទទឹង១២ម៉ែត្រ, ៩ម៉ែត្រ និងកន្លែងខ្លះ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវលេខ ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ នៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពុនទី១ ភូមិចំរើនផល ក្នុងខណ្ឌមានជ័យ។ កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុង ឆ្អឹងដែក កំរាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក។
មន្ត្រីដដែលនោះបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះ មានចំនួន ២០៦ក្បាលដី ស្មើជាង ២៥០គ្រួសារ ដោយពួកគាត់សុខចិត្ត សហការជាមួយអាជ្ញាធរក្នុងការរុះរើចេញកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ។
នាឱកាសនោះឯកឧត្តម ឃួង ស្រេង ក៌បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យផ្លូវថ្មី១ខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណរភ្ជាប់នីមួយៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់បំផុត។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋប៉ះពាល់គម្រោងផ្លូវនេះ ដែលរស់នៅអមសងខាងផ្លូវនេះ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឱ្យក្រុមហ៊ុនស្ថាបនាបានរួចរាល់ទៅតាមការគ្រោងទុក ងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។
សូមបញ្ជាក់ថា សកម្មភាពចុះបើកការដ្ឋាននេះ ឯកឧត្តម ឃួង ស្រេង បានធ្វើដំណើរដោយថ្មើរជើង ដើម្បីត្រួតពិនិត្យលើការដោះស្រាយ រងផលប៉ះពាល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដោយចាប់ពីផ្លូវលេខ ២១៧ មុខផ្សារស្ទឹងមានជ័យ រហូតដល់ផ្លូវ លេខ ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី៕