លោកជំទាវ ឱ វណ្ណឌីន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ជុំទី១ ជូនប្រជាពលរដ្ឋ មានអាយុចាប់ពី អាយុ១៨ឆ្នាំ ឡើងនៅទូទាំងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យះ ពិធី បិទយុទ្ធនាការចាក់វ៉ាក់សាំង « កូវីដ១៩»ជុំទី ០១ ជូនប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើងទៅ យើងអាចភ្លេចជំងឺកូវីដ19 តែកូវីដ19 មិនភ្លេចយើងនោះទេដូចនេះគួរយើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 សូមអនុវត្តវិធានការ 3 កុំ 3ការពារជានិច្ច។
នេះគឺជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី 1 ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃព្រហស្បតិ៍ 8 កើតខែ អស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស 2565 ត្រូវនឹងថ្ងៃទី 14 ខែតុលាឆ្នាំ 2021។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ សង្ខេបស្ដីពីលទ្ធផលការងារនៃគណៈកម្មការខេត្តប្រយុទ្ធជំងឺកូវីដ19 ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋអាយុ 18 ឆ្នាំឡើង ក្នុងផែនការ 529,681នាក់ ចាក់បានចំនួន 404,484នាក់ស្មើនឹង 76,36% ចាក់លើកទី 2 បាន 326,815នាក់និងចាក់លើកទី3 ដូសជំរុញបានចំនួន 17,530នាក់ស្រី7,103នាក់។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍បញ្ជាក់ថា : ចាប់ពីមានការផ្ទុះរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី 12 ខែតុលាឆ្នាំ 2021។
រកឃើញ អ្នកវិជ្ជមានចំនួន 27,895នាក់ស្រី 13,819នាក់ ជាសះស្បើយ 26,252នាក់ស្រី 13,184នាក់ នៅសល់វិជ្ជមានចំនួន 886នាក់ស្រី 488នាក់ កំពុង សម្រាកព្យាបាលនៅក្នុង មណ្ឌល។
ក្នុងនោះ ខេត្តបន្ទាយមានជ័យ ក៏ មានអ្នកស្លាប់ដោយសារជំងឺកូវីដ19 សរុបចំនួន 250នាក់ស្រី 138នាក់ (ខ្មែរ 244 នាក់ស្រី 135 នាក់ និងជនបរទេស 6 នាក់ស្រី 3 នាក់) លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរដោយស្មោះចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ គ្រូពេទ្យស្ម័គ្រចិត្ត និង ក្រុមគ្រូពេទ្យកងយុទ្ធពលខេមរភូមិន្ត ទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ19 នេះ ចំណាយទាំងកម្លាំងកាយចិត្ត ទាំងយប់ទាំងថ្ងៃ ដើម្បីចូលរួមជួយកាត់បន្ថយ នៃការរីករាលដាលជំងឺឆ្លងកូវីដ19។
ចុងក្រោយលោកជំទាវ ឱ វណ្ណឌីន ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គ្រប់គ្រងស្ថានភាពជំងឺកូវីដ19 ឱ្យបានជាប្រចាំនិងធ្វើការចុះអប់រំផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យបានជ្រាបច្បាស់ពីបញ្ហាជំងឺកូវីដ19 នេះផង ៕