ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាលបានបើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្ម ដឹកជញ្ជូន ខ្សាច់ គ្រួស និងថ្ម នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

កណ្តាល៖ កិច្ចប្រជុំជាមួយអាជីវកម្មទាំង២២ ដេប៉ូ ដែលដឹកជញ្ជូនខ្សាច់ គ្រួស ថ្ម នៅក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានធ្វើការណែនាំ ដល់ម្ចាស់ អាជីវកម្ម រកស៊ី ដឹកជញ្ជូន ខ្សាច់ គ្រួស និងថ្ម ដែល មិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេស ម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវអាចប្រឈមនិងការបិទអាជីវកម្មតែម្តង។

ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺមាន​គោលបំណង​ឱ្យ​ម្ចាស់​យានយន្ត ម្ចាស់អាជីវកម្មដឹកថ្ម ខ្សាច់ និងគ្រួសនៅ​ទូទាំងក្រុងតាខ្មៅត្រូវចូលរួម​គោរព​តាម​បទដ្ឋាន​ប​ច្ចក​ទេស ស្ដីពី ការដឹកជញ្ជូនដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការដឹក​លើស​ទម្ងន់ដែល​នាំ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូច និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និងចៀសវាងបង្កបញ្ហាផ្សេងៗដែលជាកង្វល់ដល់សាធារណជនប៉ះពាល់បរិស្ថានដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវដោយសាររថយន្តដឹកខ្សាច់ ដឹកថ្ម គ្រួសទាំងនោះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានណែនាំដល់ម្ចាស់អាជីវកម្មដឹកថ្ម ដឹកខ្សាច់ទាំងអស់ ត្រូវត្រួតពិនិត្យលើការដឹកជញ្ជូនត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់គោរពឱ្យបានតាមកិច្ចសន្យាម្ចាស់អាជីវកម្មត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវគោរពតាមច្បាប់ និងកិច្ចសន្យាស្តាប់ការណែនាំរបស់អជ្ញាធរ។រាល់ការដឹកជញ្ជូនខ្សាច់ គ្រួស និងថ្ម ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹកត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់បើកបរដោយក្រមសីលធម៌
ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានងស្អាត។

ឯកឧត្តមបានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ និងត្រូវត្រួតពិនិត្យរកសារធាតុញៀនផងដែរ។ ចំពោះ រថយន្ត អាជីវកម្មទាំងនោះបើមិនបាន គោរពទៅតាមការណែនាំទេសមត្ថកិច្ច និងមន្ត្រី ជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះ យកមកផាកពិន័យទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង