ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តបាត់ដំបង
បាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តបាត់ដំបង ដែលធ្លាប់បានចូលរួមសកម្មភាពក្នុងនាមជាជំនួយការរបស់អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបងក្នុងពេលចុះជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងសកម្មភាពប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩នាពេលកន្លងមក។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកស្រី ស៊ឹម សុខុន ប្រធានគណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តបាត់ដំបង លោកស្រីនាយិកាក្រុមហ៊ុន ម៉ាដាមដា ខូស្មេកទិក (Madam DA cosmetic ) ក្នុងនាមសប្បុរសជនគាំទ្រសកម្មភាពសង្គម បានសម្តែងអារម្មណ៍រីករាយដែលបានចូលរួមគាំទ្រនិងឧបត្ថម្ភដល់ក្រុមការងារយុវជនស្រលាញ់សន្តិភាព ដែលបានធ្វើកិច្ចការងារបម្រើផលប្រយោជន៍សង្គមជាច្រើន។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្ត និងកោតសរសើរចំពោះឆន្ទៈ និងសកម្មភាពរបស់បងប្អូន សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង ក៏ដូចជាសមាជិក សមាជិកាទូទាំងប្រទេស ដែលបានចូលរួមគ្រប់សកម្មភាពការងារសង្គមនៅតាមមូលដ្ឋានជាមួយអាជ្ញាធរនាពេលកន្លងមក ទាំងការជួយជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសកម្មភាពផ្សេងៗទៀត។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានរំលឹកដល់សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ឱ្យបន្តសកម្មភាពចូលរួមជាជំនួយការរបស់អាជ្ញាធរនៅតាមមូលដ្ឋានបន្តទៀតលើការងារសង្គមនានាគ្រប់ពេលវេលា។ ពិសេសយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាយុវជនជំនាន់ក្រោយ និងក្នុងនាមជាប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព។
ជាមួយគ្នានោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ម៉ាដាមដា ខូស្មេកទិក (Madam DA cosmetic ) ដែលបានចូលរួមឧបត្ថម្ភអង្ករ៤តោន មី១៥០កេស ទឹកត្រី ១៥០យួរ ទឹកស៊ីអ៊ីវ ១៥០យួរ ដល់គណះកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តបាត់ដំបង និងបានឧបត្ថម្ភ អង្ករ២តោន មី៥០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ជូនដល់រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងបានឧបត្ថម្ភថវិកាដល់សមាជិក សមាជិកា ចូលរួមចំនួន២០០នាក់ ដោយម្នាក់ទទួលបានថវិកាចំនួន៤ម៉ឺនរៀល៕