លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាលចូលរួមពិធីបិទសិក្ខាសាលាស្តីពី “សិល្បៈចម្លាក់ពុម្ពស៊ីម៉ងត៍”
កណ្ដាល៖ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល សំណូមពរ ដល់អាជីវករ សិប្បករ ទាំងអស់ ត្រូវចូលរួមរក្សាឱ្យបាននូវក្បាច់ចម្លាក់ស្របតាមក្បួនខ្នាតរបស់ខ្មែរយើងឱ្យបានគង់វង្ស និងបន្តដល់កូនចៅជំនាន់ក្រោយៗទៀត ។
លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានសំណូមពរបែបនេះ ក្នុងឱកាសលោកស្រី អញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាស្តីពី “សិល្បៈចម្លាក់ពុម្ពស៊ីម៉ងត៍” នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ។
លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បន្តថា អាជីវករ សិប្បករ និងអង្គសិក្ខាសាលាមូល ត្រូវធ្វើការសិក្សាស្រាវជ្រាវ ដើម្បីយល់ ដឹងកាន់តែច្បាស់អំពីក្បួនខ្នាតក្បាច់ចម្លាក់ខ្មែរ បើយើងមិនបានយល់អំពីក្បួនខ្នាតទាំងនោះទេ នោះយើងងាយនឹងច្រឡំហើយបរទេសងាយនឹងចម្លង យកទៅផ្សព្វផ្សាយថាជារបស់គេដែលនាំឱ្យស្នាដៃនៃបុព្វបុរសខ្មែរត្រូវបានបាត់បង់។ ដូចនេះ យើងទាំងអស់គ្នា ត្រូវចូលរួមរក្សាឱ្យបាននូវក្បាច់ចម្លាក់ស្របតាមក្បួនខ្នាតរបស់យើងឱ្យ បានគង់វង្ស និងបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។
លោកស្រីប្រធានមន្ទីរ បន្ថែមថា ឆ្លងកាត់ការចូលរួមក្នុងសិក្ខាសាលានាពេលនេះ បងប្អូនអាជីវករ សិប្បករទាំងអស់ ពិតជាបាន យល់កាន់តែច្បាស់អំពីសិល្បៈចម្លាក់ពុម្ពស៊ីម៉ង់ត៍ ទាំងអត្ថន័យ ខ្លឹមសារ ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ទាំង ក្បួនខ្នាត ក្បាច់ចម្លាក់ និងចូលរួមផ្សព្វផ្សាយឱ្យមហាជនបានយល់ដឹងពីតម្លៃ និងការចេះស្រលាញ់សិល្បៈចម្លាក់ខ្មែរ ជម្រុញឱ្យស្នាដៃសិល្បៈចម្លាក់ខ្មែរ មានការកោតសសើរ និងត្រូវបានគេទទួលស្គាល់ជាសកល។ ដូច្នេះ យើងទាំងអស់គ្នា ជាអាជីវករ សិប្បករ និងអង្គសិក្ខាសាលាមូល ត្រូវចូលរួមរក្សាឱ្យបាននូវក្បាច់ចម្លាក់ស្របតាមក្បួនខ្នាតរបស់យើងឱ្យ បានគង់វង្ស និងបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។
លោកស្រីប្រធានមន្ទីរ បន្ថែមទៀតថា ចម្លាក់ពុម្ពស៊ីម៉ងត៍ គឺជាមុខរបរចម្លាក់មួយបែបក្នុងចំណោមចម្លាក់ថ្ម ឬចម្លាក់ ឈើ ដែលធ្វើជារូបសិល្បៈតាំងលម្អ និងជាវត្ថុអនុស្សាវរីយផ្សេងៗ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរយើង ប្រើប្រាស់ ឬសម្រាប់ដាក់តាំងលម្អតាមទីសាធារណៈ និងក្នុងទីវត្តអារាមនានា ស្របតាម ប្រពៃណី ជំនឿ សាសនា ។ ហើយ«ចម្លាក់ពុម្ពស៊ីម៉ង់ត៍» ទាំងនោះ មានប្រភេទ ពណ៌ ទំហំ និងក្បាច់រចនា ខុសៗគ្នា ទៅតាមភូមិសាស្ត្រផលិត និងរសនិយមរបស់បងប្អូនខ្មែរយើង ដែលនាំឱ្យការផលិតចម្លាក់មិនបានត្រឹមត្រូវ ទៅតាមក្បួនខ្នាត របស់ដូនតាយើង នេះគឺជាក្តីបារម្ភមួយដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់៕