តើលោក ហ៊ុយ ចេះសិល្ប៍រឺវេទមន្តអ្វីទៅ? បានជាអាចដាក់យ៉បិទព្រែកចាប់យកត្រីលក់ក្នុងឃុំលើកដែកបានយ៉ាងរលូនដោយពុំមានការទប់ស្កាត់ពីមន្ត្រី ជំនាញពាក់ព័ន្ធយ៉ាងដូច្នេះ…
កណ្តាល ៖ មានសេចក្តីរាយការណ៍មកថាទីតាំងដាក់យ៉បិទព្រែកមួយកន្លែង ស្ថិតនៅភូមិតាព្រហ្ម ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ខណៈលោក ហ៊ុយ បាននិងកំពុងគៀងគរបក្សពួកអោយប្រមូលផលត្រីយកទៅលក់នៅប្រទេសវៀតណាម បានយ៉ាងអនាធិបតេយ្យ ដោយពុំមានការរំខានដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងមូលដ្ឋានឡើយ។
ប្រភពដដែលបន្តថា នៅចំណុចទីតាំងខាងលើនេះ គេសង្កេតឃើញថា មួយថ្ងៃៗមានម៉ូយត្រីដែលជាជនជាតិវៀតណាម បានចូលមកចាំទទួលយកត្រី ដែលលោក ហ៊ុយ និងបក្សពួក បានដួសពីក្នុងយ៉ ដើម្បីយកទៅលក់នៅក្នុងប្រទេសខ្លួនបានយ៉ាងរំភើយ ដោយក្នុងមួយថ្ងៃៗរាប់សិបតោន ដោយមិនដឹងថាការដាក់យ៉បិទព្រែកខាងលើបានទទួលច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធណានោះទេ ។
យោងតាមការលើកឡើងរបស់លោក ហ៊ុយ ក្រុមការងារបានទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧៥៩៥៧៨៥៥ កាលពីព្រឹកថ្ងៃទ១៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបាននិយាយថា ចំពោះទីតាំងដាក់យ៉បិទព្រែករបស់លោកខាងលើនេះគឺមានច្បាប់ដូចគេដូចឯង ប៉ុន្តែលោក ហ៊ុយ មិនបានអោយច្បាប់នោះដល់ក្រុមការងារមើលនោះទេ។
ចំណែកលោក ទេព វេទី សង្កាត់ជលផលស្រុកកោះធំ ក្រុមការងារមិនអាចធ្វើការទំនាក់ទំនងសុំការបកស្រាយបំភ្លឺបានទេដោយសារពុំមានលេខទូរស័ព្ទ រីឯលោក ហេង សុភារិទ្ធ នាយខណ្ឌជលផលខេត្តកណ្តាល ក្រុមការងារបានខលទៅតាមតេលេក្រាមដើម្បីរាយការណ៍ លោកថាដូចជាមិនបានដឹងនោះទេចំពោះករណីនេះ។
ទោះជាយ៉ាងនេះក្តីប្រជាសហគមន៍សំណូមពរដល់លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំមេត្តាចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យមើលទីតាំងដាក់យ៉បិទព្រែករបស់លោក ហ៊ុយ ខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងរងចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕