សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ពិសេស សិក្សារយៈពេល ១២ឆ្នាំ (មួយចប់កម្មវិធីខ្មែរ-អង់គ្លេស) នៅសាលា ប៊ែលធី អន្តរជាតិ ដល់កូនទាំង ៤នាក់ របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩
ភ្នំពេញះ ព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអាហារូបករណ៍ពិសេសសិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូនលោកស្រី វ៉េង សុម៉ាលី ដែលត្រូវជាប្រពន្ធរបស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សម្រាប់ផ្តល់ជូនកូនៗក្នុងបន្ទុកទាំង ៤នាក់ ឲ្យមានឱកាសបានបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សាទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) ក្នុងនោះ៖
១- ឈ្មោះ ឡៅ លីម៉េង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១១ និងភាសាអង់គ្លេសទូទៅ Level 9
២- ឈ្មោះ ឡៅ លីជីន ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី៦ និងភាសាអង់គ្លេសទូទៅ Preschool 1
៣- ឈ្មោះ ឡៅ សុម៉ាលីន ភេទស្រី ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី២ និងភាសាអង់គ្លេសទូទៅ Preschool 1
៤- ឈ្មោះ ឡៅ លីហេង ភេទប្រុស ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី១ និងភាសាអង់គ្លេសទូទៅ Preschool 1 ។
ចំពោះ អាហារូបករណ៍ពិសេសនេះរួមមាន៖
១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
២-ឯកសណ្ឋាន ២កំប្លេ ជារៀងរាល់ឆ្នាំ និង
៣-សៀវភៅពុម្ភសិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់ឆ្នាំ និងវគ្គ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា សូមក្រុមគ្រួសារនៃសព លោក ឡៅ វណ្ណា និងកូនៗ កុំមានក្តីបារម្ភ និងអស់សង្ឃឹម អំពីជីវភាពគ្រួសារ ក្នុងនោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ លោកអភិបាលខណ្ឌមានជ័យ ជួយពិនិត្យថែទាំ និងសម្រួលដល់ស្ថានភាពជីវភាពគ្រួសារសព ឲ្យបានសមរម្យផងដែរ ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាឡោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឲ្យបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយ ឯកឧត្តមបណ្ឌិត ក៏បានចូលបុណ្យសពលោក ឡៅ វណ្ណា នូវថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ផងដែរ។