ឯកឧត្តម ស សុខា យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផលិតកម្មដ៏មានសក្តានុពល

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលើកឡើងថា យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តស្រុកខ្ញុំ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កម្លងទៅ ដែលមានអ្នកចូលរួមប្រមាណជា ៥០០នាក់។

ឯកឧត្តម ស សុខា បានបន្តទៀតថា កម្ពុជាចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់អភិឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ទាំងបច្ចុប្បន្ន និងទាំងទៅអនាគត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន ដោយបានកំណត់គោលដៅមួយចំនួនដូចជា ៖ ការផ្ដល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព និងសមធម៌ ការលើកទឹកចិត្តយុវជន ឱ្យមានគំនិតផ្តួចផ្ដើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព ការលើកកម្ពស់ យេនឌ័រ ប្រកបដោយសមធម៌ និងសមភាព ដល់យុវជនទាំង ២ភេទ និងការអភិវឌ្ឍយុវជន ឱ្យមានកាយសម្បទា ចំណេះដឹង ចំណេះធ្វើ សីលធម៌ រស់នៅល្អ ចេះរួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុម ព្រមទាំងមានស្មារតីស្នេហាជាតិ ស្នេហាប្រជាជន ប្រកបដោយជំនឿជាក់លើខ្លួនឯង សេចក្ដីថ្លៃថ្នូរ ភាពជាអ្នកដឹកនាំ និងលើកកម្ពស់ការយល់ដឹងទូលំទូលាយអំពីសង្គមជាដើម។

ឯលឧត្តម ស សុខា បានគូសបញ្ជាក់បន្តថា ដោយសំឡឹងឃើញនូវសក្តានុពលដ៏អស្ចារ្យរបស់យុវជននេះហើយ ទើបកន្លងមករាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ តែងតែផ្តល់ឱកាស និងលើកទឹកចិត្តឲ្យយុវជនបានចូលរួមរាល់សកម្មភាពសង្គម ក្នុងន័យធ្វើយ៉ាងណាឲ្យយុវជនបានសិក្សារៀនសូត្រអំពីការងារបន្ថែមទៅលើទ្រឹស្តីដែលពួកគេបានសិក្សានៅក្នុងសាលា។ ដោយឡែកសម្រាប់វិស័យវប្បធម៌វិញ ជាច្រើនឆ្នាំមកនេះ យុវជនបាននិងកំពុងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សា លើកកម្ពស់តម្លៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។ជាក់ស្តែង តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំឡើងដោយសហភាពសព័ន្ធយុវជនកម្ពុជា ដែលបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០១៣ រួមទាំងសង្ក្រាន្តនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទស ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់បន្តទៀតថា កម្លាំងយុវជនក្រោមការគាំទ្រ និងកិច្ចសហការពីស្ថាប័ន្ធពាក់ព័ន្ធ ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជាឯកជនផងនោះ ពិតជាបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំដំណើរការឲ្យព្រឹត្តិការណ៍ដែលបណ្តុំទៅដោយសកម្មភាព រស់រវើកនៃវប្បធម៌ ល្បែងកម្សាន្តបែបប្រពៃណី រួមទាំងការកម្សាន្តបែបសម័យទំនើប បានប្រព្រឹត្តប្រកបដោយជោគជ័យ។ ជាមួយគ្នានេះក្រោមស្មារតីនិងមហាកម្លាំងសាមគ្គីនៃយុវជន កម្ពុជាបានឈានចូលទៅក្នុងកំណត់ត្រាពិភពលោក ឬហៅថា Guinness World Records ដូចជា នំអន្សមយក្ស រាំចង្វាក់ម៉ាឌីហ្សុនរួមទាំងទូក-ង វែងជាងគេលើលោក ដែលជាស្នាដៃយុវជន នៃខេត្តព្រៃវែងរបស់យើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង