ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

កណ្ដាល ៖ រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្ដសករាជ ២០២៥។ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលនាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលនិង ឯកឧត្តមអភិបាលរង លោកជំទាវ អភិបាលរង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ដ្រីជាប់កិច្ចសន្យាទាំងអស់ នៃរដ្ឋបាលខេត្តកណ្ដាល។

កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាប្រទីប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាននិមន្តព្រះសង្ឃចំនួន ៥ព្រះអង្គ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ចម្រើនសិរីសួស្ដី។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ គ.ស ២០២៥ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានទេពធីតា ព្រះនាម ព្រះនាមគោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ពាក់កែវមុតាភក្សាហារទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចខ្លា ជាពាហនៈ៕

អត្ថបទដែលជាប់ទាក់ទង