កំពង់ស្ពឺ៖ ពិធីបានប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លើទីលានមួយកន្លែងក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មនុស្សប្រុស ស្រី ចាស់ក្មេងយ៉ាងច្រើនកុះករបានមកទស្សនាការប្រណាំងរទេះសាឡី គោលឿនដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និងសមាគមចិញ្ចឹមគោ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឱ្យដឹងថាខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធី ប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំដោយមានអ្នកចិញ្ចឹមនិងស្រឡាញ់គោដែលចូលចិត្តពិធីនេះមកពីបណ្តាខេត្តផ្សេងៗចូលរួម។
ការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនជារៀងរាល់ឆ្នាំគឺដើម្បីផ្តល់នូវស្នាមញញឹមដល់ប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។សម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តចំនួន៣៩នឹមបានចូលរួមប្រកួត។ ការរៀបចំប្រណាំងរទេះសាឡីគោលឿននេះគឺជាផ្នែកមួយនៃការប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្តរបស់ខេត្តតែងតែធ្វើជារៀងរាល់ឆ្នាំដើម្បីចូលរួមថែរក្សា និងបង្ហាញពីគុណប្រយោជន៍របស់រទេះគោខ្មែរ និងសត្វគោដែល ជាសត្វពាហនៈដ៏ចម្បងក្នុងវិស័យកសិកម្ម។
បច្ចុប្បន្នថ្វីដ្បិតកសិករមួយភាគធំបានងាក់ទៅប្រើប្រាស់គ្រឿងចក្រជំនួសឱ្យសត្វគោក្នុងវិស័យកសិកម្មក្តីក៏នៅមានពលរដ្ឋ ខ្មែរខ្លះនៅតែពេញនិយមចិញ្ចឹមគោដើម្បីជាប្រយោជន៍ផ្សេងៗ។
ពិធីប្រណាំងរទេះសាឡីគោលឿនព្រឹកនេះពិតជាបានបង្ហាញឱ្យឃើញនូវការបន្តរក្សាយ៉ាងគង់វង្សនូវទំនៀមទម្លាប់ ប្រពៃណីពីបុរមបុរាណនៃយើងទោះថ្ងៃក្តៅបន្តិចតែបងប្អូនអ្នកទស្សនារីករាយក្នុងការទទួលយកទស្សនីយភាពនេះដោយសំឡេងស្រែកហ៊ោរយ៉ាងកងរំពង។
អ្នកចូលរួមទស្សនាកម្មវិធីប្រណាំងនេះបាននិយាយថាពួកគាត់ពិតជាសប្បាយរីករាយទោះបីការឈរមើលស្ថិតក្រោមមេឃមានកម្តៅក្តៅបន្តិច ប៉ុន្តែពួកយើងពេញចិត្ត គាំទ្រ និងសុំឱ្យរដ្ឋបាលខេត្តពិសេសមន្ទីរវប្បធម៌ និងសិល្បៈ សហភាពសហពន្ធ័យុវជនកម្ពុជា(ស.ស.យ.ក) ខេត្តបន្តការប្រារព្ធពិធីនេះឱ្យបានជារៀងរាល់ឆ្នាំ៕