លោកឈាង សុវណ្ណរតនា អញ្ជើញចុះពិនិត្យការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ
កណ្តាលៈ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឈាង សុវណ្ណរតនា និងក្រុមការងារបានអញ្ជើញចុះពិនិត្យការបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅតាមមណ្ឌលចាក់វ៉ាក់នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល។
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ ។
ដោយអនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រដ្ឋបាលសង្កាត់ស្វាយរលំ បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ចំនួន ០១ទីតាំង នៅតាមដើម្បីផ្ដល់ភាពងាយស្រួលដល់ក្មួយៗមកទទួលបានវ៉ាក់សាំងបានគ្រប់ៗគ្នា ទាន់ពេលវេលា និងប្រកបដោយសុវត្តិភាព ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាអាណាព្យាបាលទាំងអស់ ត្រូវប្រកាន់ខ្ចាប់ឱ្យបានជាដាច់ខាតនូវវិធានការ “៣ការពារ និង ៣កុំ ” របស់ដម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការសុខាភិបាលជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្តិភាព ការធ្វើអនាម័យសម្លាប់មេរោគ ព្រមទាំងសេចក្ដីណែនាំផ្សេងទៀតរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ប្រកបដោយការទទួលការខុសត្រូវខ្ពស់ ដើម្បីធានាភាពរលូន និងគ្រប់គ្រងសណ្ដាប់ធ្នាប់ល្អ ក្នុងដំណើរការអនុវត្តយុទ្ធនាការចាក់វាំងសាំងនេះ និងទទួលបានលទ្ធផលល្អប្រសើ ។