ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋកំពុងរុះរើ និងសាងសង់លំនៅដ្ឋានលើដីឡូតិ៍ថ្មី ក្រោយការដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ

បន្ទាយមានជ័យ ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ និងចួបការខ្វះខាត នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកំពុងរុះរើផ្ទះចេញពីដីគេមកតាំងលំនៅលើដីស្របច្បាប់របស់ពួកគាត់ នៅចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទាំងជាង១ពាន់គ្រួសារបានទទួលយកការដោះស្រាយតាមបែបឈ្នះឈ្នះ និងចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍រួចរាល់ ក្រោមកិច្ចសហការដោះស្រាយ និងរៀបចំដោយក្រុមការងារខុទ្ទកាល័យ និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមានស័ង្កសី សសរ ឈើ និងថវិកាមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋចួបការខ្វះខាត។ ឆ្លើយតបនឹងសកម្មភាពនេះ បងប្រជាពលរដ្ឋចួបការខ្វះខាត បានសម្តែងក្តីរំភើប និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់រងារឯកោឡើយ ព្រោះប្រទេសកម្ពុជាយើងកំពុងរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍៕

អត្ថបទដែលជាប់ទាក់ទង