លោកស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បញ្ជាឱ្យចុះត្រួតពិនិត្យ និងចាត់វិធានការជាបន្ទាន់ ក្រោយពេលទទួលបានសេចក្តីរាយការណ៍ថា កាសុីណូហ្គូដវើលដ៍ (Good World casino ហៅកាសុីណូ ស្រះទឹក) លួចបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង

(បន្ទាយមានជ័យ) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទ បញ្ជា ឱ្យកម្លាំងចុះអង្កេត ស្រាវជ្រាវ រកការពិតជាបន្ទាន់។ ក្រោយពីទទួលបទបញ្ជានេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានចាត់កម្លាំង នគរបាលការិយាល័យជំនាញ ចុះទៅដល់ទីតាំងកាសុីណូ ហ្គូដវើលដ៍ ហៅកាសុីណូ ស្រះទឹក ដែលមានទីតាំងនៅផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់រស្មីកម្ពុជាឱ្យដឹង នាថ្ងៃទី២២ ខែតុលាថា បន្ទាប់ពីចុះទៅដល់ទីតាំងកាស៊ីណូ នេះ កម្លាំងមានសមត្ថកិច្ច បានរកឃើញ សកម្មភាព ដូចសេចក្តីរាយការណ៍ដែរ ហេតុនេះ កងកម្លាំងនរគបាល នៃអធិការដ្ឋាន ក្រុងប៉ោយប៉ែត បានហៅម្ចាស់ និងអ្នកទទួលខុសត្រូវ មកអប់រំ ណែនាំ និងធ្វីកិច្ចសន្យា ដល់ម្ចាស់ទីតាំងនូវករណី ខាងលើ ។
លោកវរសេនីយ៍ឯក សៅ សារឿន បានព្រមានថា បើសិនជាមានករណីជាបន្តទៀត កម្លាំងនគរបាលអធិការដ្ឋាន ក្រុងប៉ោយប៉ែត នឹងចាត់ការអនុវត្តន៍តាមផ្លូវច្បាប់ជាធរមាន គឺចុះបង្ក្រាបតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង