អភិបាលខណ្ឌមានជ័យ នាំអំណោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋក្រីក្រ ៤៤៥គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ ៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ យកមកចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៤៥គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ លោក កៀង ចក់ និងលោកស្រី ហួត ឃីម ព្រមទាំងចៅសង្កាត់ទាំង៧ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងប្រជាពលរដ្ឋណាម្នាក់ឡើយ។

ក្នុងឱកាសនេះ លោក ហែម ដារិទ្ធិ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេ ជូនប្រជាពលរដ្ឋ និងបានចាត់ឱ្យមន្ត្រីនៅមូលដ្ឋាន យកចិត្តទុកដាក់ចំពោះសុខទុក្ខក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋដោយមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ។

លោកអភិបាលខណ្ឌ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។​

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏សូមឱ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមអនុវត្តវិធានការបង្ការ​ និងការពារខ្លួនពីជំងឺឆ្លងផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខណ្ឌ បានស្នើឱ្យសង្កាត់ទាំងអស់ ធ្វើបញ្ជីបច្ចុប្បន្នភាពប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ឬរងគ្រោះដោយប្រការណាមួយ ត្រូវពិនិត្យ និងយកចិត្តទុដាក់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ឬអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ចុះនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនឱ្យទាន់ពេលវេលា នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ពោលគឺអាជ្ញាធរមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ចោលជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង