ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តក្រុមហ៊ុនខារ៉ាបាវ បានបើកបុកម៉ូតូពីក្រោយនិងកិន បណ្តាលឱ្យសិស្សសាលាម្នាក់ស្លាប់មួយរំពេច។ហេតុការណ៍នេះបានកើតឡើងនៅមុខសាលាជម្ពូវ័ន ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១រសៀលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣។
កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះបាត់បង់ជីវិតឈ្មោះ មុំ ម៉ាជូលី អាយុ១៤ឆ្នាំជាសិស្សថ្នាក់ទី៩C នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ជម្ពូវ័ន។ មុនកើតហេតុមានក្មេងសិស្សសាលាម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពីផ្លាកលេខភ្នំពេញ1CM-4237 តាមផ្លូវបេតុងពីជើងទៅត្បូង។មកដល់កន្លែងខាងលើស្រាប់តែរថយន្តក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ ផ្លាកលេខភ្នំពេញ3C-2632 បើកមកពីក្រោយក៏បុកនិងកិនបណ្តាលឱ្យក្មេងនោះស្លាប់ភ្លាមតែម្តង។
ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់ រហូតដល់មុខសាលាសង្កាត់ចោមចៅទី៣ទើបសមត្ថកិច្ចឃាត់ខ្លួននិងរថយន្តបាន។ក្រោយមកផ្នែកជំនាញបានយករថយន្ត-តៃកុងនិងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕