ស្រាវជ្រាវរថយន្តឡាវ មួយគ្រឿង ក្រោយឆ្លងកាត់ខេត្តស្ទឹងត្រែង ជួបគ្រោះថ្នាក់បុកខឿនរបងផ្ទះប្រជាពលរដ្ឋ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយមានគ្រឿងញៀនជាង ១០០ គីឡូក្រាម

ស្ទឹងត្រែង៖ នៅថ្ងៃទី១៤ កក្កដា ២០២៣ នេះ សមត្ថកិច្ចជាច្រើន ស្ថាប័ន រួមនឹងអាជ្ញាធរខេត្តស្ទឹងត្រែង នឹងបន្តការចុះស៊ើបអង្កេត បន្ថែមទៀត ដើម្បីបង្ហាញ អំពីលទ្ធផល ក្រោយពីសាកសួរ ទៅលើមន្រ្តីប្រចាំច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀលខេត្តស្ទឹងត្រែង។

សូមរំលឹកថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ មានរថយន្តឡាវ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ឡាវ៣៧៧៧ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឧបទ្ទេវហេតុនោះ សមត្ថកិច្ច បានរកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ជាង ១០០ ដុំ នៅក្នុងរថយន្តផ្លាកលេខឡាវ។ ចំណែកជនសង្ស័យ នាំគ្នារត់គេចខ្លួនបាត់អស់។
ក្រោយពីមានរឿងបែបនេះ សមត្ថកិច្ចជំនាញ ក៏បានបើកការស៊ើបអង្កេត ជាបឋម ឃើញថា រថយន្តផ្លាកលេខឡាវ ដែលក្រឡាប់មានគ្រឿងញៀន មុនពេលកើតហេតុ បានឆ្លងកាត់ពីប្រទេសឡាវ តាមច្រកទ្វារអន្តរជាតិ ណងណុកឃៀន ខេត្តចម្ប៉ាសាក់ មកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង និងបន្តដំណើរមកដល់ភ្នំពេញ ក្នុងថ្ងៃទី៧ កក្កដា ។
ក្រោយមក នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការដែលមានសមាសភាព មន្ទីរប្រឆាំងគ្រឿងញៀន ក ៩ ស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរខេត្តស្ទឹងត្រែង បានទៅដល់ប៉ុស្តិ៍ច្រកទ្វារ ដើម្បីសាកសួរទៅលើមន្ត្រីត្រួតពិនិត្យ ប្រចាំការ ឆែកកាមេរ៉ាសុវត្ថិភាព។
លទ្ធផលឆែកកាមេរ៉ាសុវត្ថិភាព ចំពោះរថយន្តដឹកគ្រឿងញៀន ផ្លាកលេខឡាវ នេះ ពិតជាបានឆ្លងកាត់ពីប្រទេសឡាវ ចូលកម្ពុជា តាមច្រកត្រពាំងក្រៀល ពិតមែន ក្នុងថ្ងៃទី៧ កក្កដា មានមនុស្សសរុបចំនួន ៤ នាក់ ស្រី២នាក់ នៅក្នុងរថយន្ត សុទ្ធតែជាជនជាតិឡាវ។
មន្រ្តីនគរបាលប្រចាំការ ច្រកត្រពាំងក្រៀល បានអះអាងថា ដំបូងមិនចាំថា រថយន្តឆ្លង កាត់ មានពាក់ព័ន្ធដឹកគ្រឿងញៀននោះទេពីព្រោះក្នុងមួយថ្ងៃៗ មានរថយន្តច្រើនគ្រឿង ណាស់ ដែលបានធ្វើដំណើរឆ្លងកាត់ ពីឡាវមកកម្ពុជា។ ចំពោះកាបូប ឬវាលី ក៏ត្រូវបានឆ្លងកាត់ពីម៉ាស៊ីនស្កែន និងឆែកដោយមន្រ្តីម៉ឺងម៉ាត់បំផុត ជៀសវាងមានគ្រឿងញៀន ឆ្លងកាត់ចូលមកប្រទេសរបស់យើង។
ប្រភពបានឱ្យដឹងទៀតថា ជនជាតិឡាវដែលបានរួមដំណើរ ឆ្លងកាត់ចូលមកនេះ ក៏មានការបញ្ជាក់ឯកសារច្បាប់ និងបិទរូបថតត្រឹមត្រូវផងដែរ។ ប៉ុន្តែក្រោយពីកើតហេតុ ពួកគេ បានគេចខ្លួន។
លោក ញ៉ែម បូរឹម ប្រធានប៉ុស្តិ៍ស្តីទី ច្រកទ្វារអន្តរជាតិជាតិត្រពាំងក្រៀល បានបញ្ជាក់ យ៉ាងម៉ុតមាំថាៈ រាល់ការចេញចូលរបស់ភ្ញៀវដែលត្រូវឆ្លងកាត់ មានការពិនីត្យពីមន្ត្រី យ៉ាងល្អិតល្អន់ មុនអនុញ្ញាតឱ្យបន្តដំណើរចូលកម្ពុជា។
សមត្ថកិច្ចលោក គ្រប់គ្រងតែក្នុងដែនទេ ចំពោះរថយន្តនេះ ពិតជា រកមិនឃើញមាន បទល្មើសគ្រឿងញៀនឡើយ។ បើសិនជារថយន្ត ចេញផុតពីប៉ុស្តិ៍ទៅ ហើយ លួចដឹកគ្រឿងញៀន នៅកន្លែងណាមួយ សមត្ថកិច្ចលោកមិនទទួលខុសត្រូវទេ។
លោក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានថា លោកបានចូលរួមជាសមាជិក ក្នុងគណៈកម្មការស៊ើបអង្កេតនេះដែរ ប៉ុន្តែមិនទាន់អាចបកស្រាយបាន ពីព្រោះក្រុម ការងារ មិនទាន់បង្ហាញអំពីលទ្ធផល គឺរង់ចាំថ្ងៃទី១៤ ឬ ១៥ កក្កដា សិន៕

អត្ថបទដែលជាប់ទាក់ទង