ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ចាប់ពីខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភ ពី ១ ៥២០ ០០០ រៀល ដល់ ២ ៧២០ ០០០ រៀល ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពង្រីកកិច្ចគាំពារសង្គមបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ថ្ងៃ ដំបូងនៃជីវិត។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលតែងតែគិតគូរជាប់ជានិច្ច លើការអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយជាតិគាំពារសង្គម និងផែនការអវិវឌ្ឍជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ អគ្គមគ្គុទេសក៍ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធី ឬរបបនានាដើម្បីគាំពារដល់ពលរដ្ឋកម្ពុជា ជាពិសេសស្រ្តីមានផ្ទៃពោះ ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និងការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្តីរាជការជាស្រ្តីសម្រាលកូនជាដើម។

ឯកឧត្តមបណ្ឌិត បានបន្តថា ចាប់ពីដើមខែសីហា ឆ្នាំ២០២៣ខាងមុខ, រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីដែលជាមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា មន្រ្តីកម្មសិក្សា កម្មករនិយោជិតជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនមានអារយុ២ឆ្នាំ ដែលសរុបជាសាច់ប្រាក់មានចំនួនប្រមាណ ១ ៥២០ ០០០ រហូតដល់ ២ ៧២០ ០០០រៀលដោយនឹងគិតតាមចំនួនកូន និងលក្ខខណ្ឌពាក់ចាំបាច់មួយចំនួនទៀត ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀតស្របតាមគោលនយោបាយជាតិគាំពារសង្គម។

ឯកឧត្តមបណ្ឌិតបានពន្យល់ពីនីតិវិធីនៃការបើកផ្តល់ថា ការបើផ្តល់ចែកចេញជា៣ ដំណាក់កាល ដោយ ដំណាក់កាលទី១ ជាដំណាក់កាលមកពិនិត្យផ្ទៃពោះមុនសម្រាល ៤លើក, ដំណាក់កាលទី២ ពេលសម្រាល និង ដំណាក់កាលទី៣ ជាដំណាក់កាលយកកូនមកពិនិត្យសុខភាព និងទទួលវ៉ាក់សាំងបង្ការបន្ទាប់ សរុបចំនួន១០ដង ដោយគោរពតាមលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង