ខេត្តឧត្តរមានជ័យ= មន្ត្រីយោធាម្នាក់យកតួនាទីឋានៈរបស់ខ្លួនរកស៊ីបទល្មើសព្រៃឈើធ្វើឲ្យមានការរិះគន់ចំៗទៅលើមន្ត្រីយោធារូបនេះថាស៊ីប្រាក់ខែរដ្ឋទៅរកស៊ីដឹកជញ្ជូនអនុផលព្រៃឈើផ្ទុយទៅនិងច្បាប់ចែងថាមន្ត្រីមានសមត្ថកិច្ចមានតួនាទីជាអ្នកថែរក្សា ការពារនិងបង្ក្រាប។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមេឈ្មួញឈើដ៏មានឥទ្ធិពលប្រចាំស្រុក ត្រពាំងប្រសាទ ឈ្មោះ លោក រី យកតួនាទីជាមន្ត្រីយោធា យកអំណាចរបស់ខ្លួនដឹកជញ្ជូនឈើរាប់សិបឆ្នាំមកហើយបែរជាមន្ត្រីជំនាញអសកម្មមិនហ៊ានបង្ក្រាបទុកឱកាសឲ្យឈ្មួញឈើរកស៊ីដឹកជញ្ជូនឈើខួបប្រាំងខួបវស្សារាប់សិបឆ្នាំមកហើយ។
ជាក់ស្ដែងឈ្មួញខាងលើបានធ្វើសកម្មភាពដឹកឈើតាមរយៈរថយន្តម៉ាក លី៎ប្រូ កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខឧត្តរមានជ័យ(2A-4780) ស្ទើររាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេងគ្មានការរំខានពីសំណាក់ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច មន្ដ្រីជំនាញពាក់ព័ន្ធនៅក្នុងស្រុក និងខេត្តចុះរបង្ក្រាបសោះឡើយ។
ប្រជាពលរដ្ឋក្នុងស្រុក ត្រពាំងប្រាសាទបានស្នើឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន សូមឯកឧត្តម មានចំណាត់ការចំពោះមន្ត្រីជំនាញអសកម្មនិងអ្នកពាក់ព័ន្ធក្នុងស្រុកផងទាន។
ជុំវិញការរិះគន់ខាងលើអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក រី ឈ្មួញឈើដុះស្លែដែលយកឥទ្ធិពល មន្ត្រីយោធា មករកស៊ីឈើបាននៅឡើយទេ ប៉ុន្តែអង្គភាពយើងរង់ចាំការបំភ្លឺពីគ្រប់អ្នកពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕ 0889846555