អាជីវកម្មអាចម៍ដីគ្មានច្បាប់ ក្នុងស្រុកឯកភ្នំ របស់ឈ្មួញឈ្មោះបញ្ញា កំពុងតែមមារញឹកគ្រឿងចក្រ របស់ខ្លួនយ៉ាងសកម្ម
ខេត្តបាត់ដំបង៖ អាជីវកម្មអាចម៍ដី និងរណ្តៅដីខ្នាតយក្ស អត់ច្បាប់ ជីកកាយយកអាចម៍ដី មានជំរៅជ្រៅដល់ក្បាលប្រែតរបស់ឈ្មួញ ឈ្មោះបញ្ញា ស្ថិតនៅភូមិតាគោម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្ររបស់ខ្លួនដោយសេរី នៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងស្រុកឯកភ្នំ និងមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល ណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។
ប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានអោយដឹងថា៖ ទីតាំងរណ្តៅដីមួយកន្លែងនេះ កំពុងបន្តអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដី ដឹកជញ្ជូនទៅលក់យកលុយដាក់ហោប៉ាវ ដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែ និងខ្សោះទឹកក្នុងស្រែ របស់ប្រជាពលរដ្ឋនៅក្បែរខាងនោះទេ។
ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងនេះគេតែងតែហៅរណ្តៅដី ខ្នាតយក្ស ដែលមានឈ្មោះដល់ល្បីល្បាញ ក្នុងស្រុកឯកភ្នំ។
ពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅខ្នាតយក្ស និងជ្រៅដល់ក្បាលប្រែតនេះ តើលោក មុិល សុផល អភិបាលស្រុកឯកភ្នំ បានជ្រាប រឿងរណ្ដៅខ្នាតយក្សមួយហ្នឹងហើយឬនៅ ?តើលោក នឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹងដែររឺទេ?
ចំណែកឯលោក អ៊ាម មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌាឲ្យដឹងថា ចំពោះច្បាប់អាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះបញ្ញានៅចំណុចខាងលើ គឺបានបញ្ចប់ហើយ ពាក់ព័ន្ធនឹងការយកគ្រឿងចក្រមកជីកកាយដី នៅចំណុចរណ្ដៅដីខាងលើ គឺខុសច្បាប់ និយាយរួម អាជីវករខូចៗលួចជីកតែថ្ងៃសៅរ៍ អាទិត្យ ដែលថ្ងៃមន្ត្រីឈប់សម្រាក មិនអាចចុះទាន់ពេល បើគ្មានអ្នកពត៌មានជួយ ចាំលោកឱ្យកម្លាំងចុះទៅពិនិត្យមើល។
ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងមន្ទីរ៉ែនិងថាមពល៕