អាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យដោះស្រាយ ករណីទំនាស់ដីធ្លី ក្នុងសង្កាត់សិត្បូរ ខណៈពេល លោក ពិន ហុង ដាក់គ្រឿងចក្រ ឈុតឆាយ ចាក់ដី រំលោភលើកិច្ចសន្យាទិញលក់ដី!!
ខេត្តកណ្តាល៖កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅក្នុង ភូមិកំពង់ព្រីង សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ត្រូវបាន
លោកជា សុរក្សា អភិបាលរងក្រុងតាខ្មៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព និងមានការចូលរួមពីអាជ្ញាធរសង្កាត់សិត្បូរ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មេភូមិ ចុះពិនិត្យទីតាំង ទំនាស់ដីធ្លី រវាងលោក អែវ សំអូន ដែលជាម្ចាស់មានក្បាលដីលេខ ១០៤៧ នៅខាងមុខ និងលោក ពិន ហុង ដែលជាម្ចាស់ក្បាលដីលេខ ០៨១១០៩០៣-១៥២០ នៅខាងក្រោយ។
ករណីនេះកើតឡើងក្រោយពីលោក ពិន ហុង យកគ្រឿងចាក់ឈូសឆាយ មិនគោរពទៅលើកិច្ចសន្យាដែលបានទិញលក់ដីមានប្រវែងទទឹង៣ម៉ែត្របណ្ដោយចាប់ពីផ្លូវ២១អា ទល់នឹងដីរបស់ខ្លួន នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្ត ទើបទទួលបាន។
បន្ទាប់ពីអាជ្ញាធរបានចុះ ដល់កន្លែងកើតហេតុ បានអញ្ជើញភាគី
ទាំងសងខាង ដើម្បីសម្របសម្រួល នៅលើទីតាំងកើតជម្លោះ ប៉ុន្តែក្នុងករណីនេះ ភាគីលោក ពិន តុលា តំណាងឲ្យឪពុកឈ្មោះ ពិន ហុង ដែលជាម្ចាស់ក្បាលដីលេខ០៨១១០៩០៣-១៥២០ មិនបានសហការចូលរួម សម្របសម្រួលជាមួយនឹងអាជ្ញាធរ ក៏ដូចជាភាគី លោកអែវ សំអូន ម្ចាស់ក្បាលដីលេខ១០៤៧ នោះទេ។
នៅលើទីតាំងវិវាទដីធ្លី អាជ្ញាធរបានពិនិត្យជាក់ស្ដែងឃើញថា មានការចាក់ដីខ្សាច់ខូចខាតដំណាំមួយចំនួន រួមមាន ដើមចេក
ដើមមាន និងដំឡូង ព្រមទាំងឃើញមានការជីករណ្ដៅ ផ្នែកខាងត្បូង នៅលើក្បាលដីលេខ១០៤៧ ដែលជាកម្មសិទ្ធិ របស់ឈ្មោះអែវ សំអូន។ ក្នុងពេលនោះដែរ អាជ្ញាធរក្រុងតាខ្មៅ ដែលដឹកនាំដោយលោកជា សុរក្សា បានសម្រេចផ្អាក ការចាក់សាច់ សាងសង់របង នឹងបានណែនាំដល់អ្នកបើកបរគ្រឿងចក្រ ត្រូវបញ្ឈប់សកម្មភាពចាក់បំពេញ និងឈូសឆាយនៅលើដីដែលមានវិវាទ ចាប់ពីថ្ងៃនោះផងដែរ។
បើតាមការឲ្យដឹង ពីលោកអែវ សំអូន ស្នើសុំភាគីលោកពិន ហុង សូមចូលរួមដោះស្រាយតាមនីតិវិធី ជាមួយអាជ្ញាធរមូលដ្ឋាន សូមផ្អាកសកម្មភាព រំលោភបំពាន លើដីកំពុងតែមានទំនាស់នេះ និងសងការខូចខាតផលដំណាំផងដែរ។
លោក អែវ សំអូន បានបញ្ជាក់ថាលោកបានលក់ដីត្រឹមតែទទឹង ៣ ម៉ែត្រ បណ្តោយចាប់ពីផ្លូវ២១បេ ទល់ដីលោក ពិន ហុង តែប៉ុណ្ណោះទេ។ដោយមានកិច្ចសន្យាទិញលក់ច្បាស់លាស់ លោកមិនបានលក់ដីទាំងអស់នោះទេ តែផ្ទុយទៅវិញលោក ពិន ហុង បែរជាប្រើកូនចៅយកគ្រឿងចក្រឈូសឆាយទន្ទ្រាមវាតទី យកដីរបស់លោកទាំងអស់ផ្ទុយនឹងកិច្ចសន្យា ទង្វើបែបនេះហើយធ្វើឲ្យលោកកើតទុក្ខមិនសុខចិត្ត ស្នើសុំអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើកិច្ចអន្តរាគមន៍។
លោក ចាន់ ស៊ីថន មេភូមិកំពង់ព្រីង បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ថាការពិតលោក ពិន ហុង បានស្នើសុំទិញដីពី អែវ សំអូន មានទទឹង ៣ម៉ែត្រ បណ្ដោយពីព្រំដីរបស់ខ្លួនដល់ផ្លូវ ២១បេ ក្នុងមួយម៉ែត្រដើរ ៦០០០$ សរុប៣ ម៉ែត្រតម្លៃ ១៨០០០$ សម្រាប់បើកផ្លូវចូលដីរបស់ខ្លួនពិតប្រាកដមែន។
លោក សែត វន្នី ចៅសង្កាត់សិត្បូ បានថ្លែងប្រាប់បណ្ដាញព័ត៌មានថា៖ លោក អែវ សំអូន ព្រមព្រៀងលក់ដីឲ្យទៅលោក ពិន ហុង ម្ចាស់ដីខាងក្រោយ មានទទឹ៣ម៉ែត្រ បណ្ដោយទល់ផ្លូវ ២១បេ ពីព្រំដីរបស់ខ្លួននោះគឺពិតប្រាកដ មិនបានលក់ដីទាំងអស់នោះទេ។
ចំណែកលោក ពិន ហុង ដែលរងការចោទពីលោក អែវ សំអូន ថាបានបញ្ជាកូនចៅ ឈូសឆាយរំលោភលើកដីកំពុងមានវិវាទ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេព្រោះមិនមានលេខទូរសព្ទទំនាក់ទំនង។
ជុំវិញនឹងរឿងរ៉ាវខាងលើនេះ ក្រុមគ្រួសារលោក អែវ សំអូន បានលើកម្រាមដៃដប់ អំពាវនាវទៅដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញភូមិបាលខេត្ត ចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីរកដំណោះស្រាយជូនគ្រសាររបស់គាត់ ខណៈដែលគ្រួសាររបស់គាត់កំពុងរងការគៀបសង្កត់ពីសំណាក់លោក ពិន ហុង។ ជាពិសេសសំណូមពរដល់ឯកឧត្តម គតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី មេត្តាជួយកិច្ចអន្តរាគមន៍ដល់ក្រុមគ្រួសារគាត់ផង ដែលកំពុងរងការរំលោភបំពានលើដីរបស់គាត់ពីសំណាក់លោក ពិន ហុង ម្ចាស់ដីខាងក្រោយ ដោយមិនគោរពទៅតាមកិច្ចសន្យាក្នុងការលក់ទិញដី សុំបើកផ្លូវខាងលើ៕ 012926014 / 070926014