ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ តែងតែរអ៊ូរទាំករណីមន្ត្រីប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត នៅចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចថា ទោះបីជាពួកគាត់ដឹកមិនលើសទម្ងន់ក៏មន្ត្រីដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយ ថ្លៃទឹក និងថ្លៃកាហ្វេដែរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពបានបន្តថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកមើលការខុសត្រូវ ឬជាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ១ ដែលបើកដៃឲ្យមានភាពមិនប្រក្រតីដូចការលើកឡើងខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ដោយមានការគប់គិតគ្នាពីក្រុមមន្ត្រី ជាពិសេសក្រុមមន្ត្រីប្រចាំនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក ស្រុកព្រះស្ដេចដែលបានរកវិធីគ្រប់វិធីដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ និងបានលាភជ័យដាក់ក្នុងហោប៉ៅផង។
ប្រភពព័ត៌មានបានបន្តថា ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមបើកគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍ខាងលើនេះពូកែទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ប្រភពបន្តទៀតថា បើទោះបីជាមិនលើសទម្ងន់ ក៏មិនត្រូវនៅទីនោះ ហារមាត់លូកដៃសុំលុយថ្លៃបាយថ្លៃទឹកថ្លៃកាហ្វេប្រចាំថ្ងៃនោះដែរ។
ប្រភពបន្ថែមថា ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក នេះវិញបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់កយកលុយតែប៉ុណ្ណោះ។ រឿងក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ១ នៅចំណុចឃុំរំចេកនេះ ពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។
ចំណែកក្រុមមន្ត្រីប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវសាធារណៈរបស់រដ្ឋនោះទេ។
ទាក់ទិនករណីខាងលើ បណ្ដាញសារព័ត៌មានយើង ពុំអាចសុំការបំភ្លឺពីលោកប្រធានស្ថានីយ៍ថ្លឹងរថយន្តខាងលើបាននៅឡើយនោះទេ ដោយពុំមានលេខទូរស័ព្ទដែលអាចធ្វើការទំនាក់ទំនងគ្នាបាន។
ពាក់ព័ន្ធករណីខាងលើនេះ មហាជនបានស្នើសុំដល់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនជួយចុះពិនិត្យនិងមានវិធានការជាបន្ទាន់ផង ជៀសវាងមានក្លិនស្អុយកាន់តែខ្លាំងឡើងៗជុំវិញភាពមិនប្រក្រ តីនៅក្នុងស្ថានីយ៍ថ្លឹងរថយន្តខាងលើនេះ៕