អាជីវករផ្ទុះការតវ៉ា បញ្ហាគយខេត្តតាកែវ ដំឡើងពន្ធដឹកជញ្ជូនទំនិញ រហូតដល់៦លាន២សែន ក្នុងរថយន្ត១គ្រឿង រយៈពេល៣ម៉ោង

ខេត្តតាកែវ៖ អាជីវករជាច្រើននាក់ នៅស្រុកគិរីវង់ ខេត្តតាកែវ បានបញ្ចេញប្រតិកម្មរិៈគន់យ៉ាងចាស់ដៃ ទៅលើលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ រួមនិងលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អាជីវករបាននាំគ្នាលើកឡើងថា៖ លោក ស៊ុន ឆាយ និងលោក ប៉ោ សួន ជាអ្នកបើកដៃឱ្យមន្ត្រីក្រោមឱវាទ អង្គុយចាំរាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវក្នុង១ជើងៗចាប់ពី៥០.០០០៛ ទៅ១០០.០០០៛ ជាកំហិត!។ លើសជាងនេះទៅទៀតលោក ស៊ុន ឆាយ និងលោក ប៉ោ សួន បានដំឡើងថ្លៃពន្ធនាំចូលខ្ពស់កប់ពពក និងកំណត់លើក្រដាសពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ  ពោលគឺ រាល់ការដឹកជញ្ជូនទំនិញចេញពីព្រំដែន មកចែកចាយលើទីផ្សារនៅកម្ពុជា បើលើសពី៣ម៉ោង ទំនិញទាំងនោះ នឹងក្លាយជាទំនិញគ្មានពន្ធ ដែលប្រឈម និងការចាប់ផាកពិន័យ ១គុណជា៤ឯណោះ។ ពួកគាត់បានរកស៊ីដឹកទំនិញ”ឥវ៉ាន់ចាប់ហួយ”ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ ដោយខ្លះប្រើរថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន ក្នុងនោះជារៀងរាល់លើក ពេលដឹក”ឥវ៉ាន់ចាប់ហួយ” ចេញពីវៀតណាម ចូលមកខ្មែរ គឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន អស់ចាប់ពី១.៥០០.០០០៛(មួយលានប្រាំសែន) ទៅ៣,០០០,០០០៛ (បីលានរៀល)ក្នុង១ជើង

ក្រោយបង់ពន្ធនៅព្រំដែនរួចហើយ ពេលចេញផុតពីព្រំដែនប្រហែល០៧គីឡូម៉ែត្រ រាល់រថយន្តដឹក”ឥវ៉ាន់ចាប់ហួយ”ទាំងនោះ នឹងត្រូវបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការនៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២០.០០០៛(ពីរម៉ឺនរៀល) ទៅ៥០.០០០៛(ប្រាំម៉ឺនរៀល)ក្នុង១ជើងជាកំហិត!។

លុះមកដល់ក្រុងដូនកែវ នៃទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡាន ត្រូវចូលបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការនៅខាងកើតរង្វង់មូលអូរចំបក់ ប្រមាណប្រហែល១៥០ម៉ែត្រ ចំនួន៥០.០០០៛(ប្រាំម៉ឺនរៀល) ទៅ១០០,០០០៛(មួយសែនរៀល)ទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។

ក្រុមអាជីវករបញ្ជាក់ថា៖ ការបង់ពន្ធនៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះ និងបង់ចូលហោប៉ាវមន្ត្រីគយខ្លះ។

ប៉ុន្តែសម្រាប់ការបង់លុយឱ្យគយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយនិងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ។ ជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ាវ មន្ត្រីគយតែម្ដង។

អាជីវករបញ្ជាក់ទៀតថា មិនត្រឹមតែបណ្ដាក់គ្នាអង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ បច្ចុប្បន្នលោក ស៊ុន ឆាយ រួមនិងលោក ប៉ោ សួន បានសហការគ្នាដំឡើងថ្លៃពន្ធខ្ពស់កប់ពពកទៀតផង ដោយតម្រូវឱ្យ ពួកគាត់ជាអាជីវករ បង់ពន្ធនៅព្រំដែនចំនួន៦,២០០,០០០៛(ប្រាំមួយលានពីរសែន) ជាកំហិតក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដងបើប្រៀបធៀបទៅនឹងតម្លៃពីមុន។ ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារ។

លើសជាងនេះទៅទៀត មន្ត្រីគយបានកំណត់ឱសានវាទលិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល៣ម៉ោងប៉ុណ្ណោះ ដោយគិតចាប់ពីពេលបោះត្រាចេញពីព្រំដែន ហើយបើលើសពី៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈមនឹងចាប់ផាកពិន័យ១គុណជា៤។

ហេតុដូច្នេះហើយ ទើបនៅព្រឹកទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពួកគាត់ជាអាជីវករ បានលើកគ្នាមកផ្ទុះការតវ៉ា នៅមុខស្នាក់ការ គយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ តែម្ដងទៅ ដើម្បីទាមទារចំនួន០៣ ចំណុចដូចខាងក្រោម៖

ទី១៖ ស្នើសូមឱ្យមន្ត្រីគយលើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចពីមុន។

២៖ សូមឱ្យមានការពន្យារពេលបន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័តនិងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។

៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”ឥវ៉ាន់ចាប់ហួយ”ឱ្យគេ។

ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោយនឹងផាកពិន័យក្នុង១គ្រឿង ចំនួន៥.០០០ដុល្លារទៀតផង។

រាល់ការអះអាងខាងលើ នៅព្រឹកទី១០ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មានបានព្យាយាមសុំការបកស្រាយ ពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល ។

រីឯលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននិយាយយ៉ាងខ្លីថា ខ្ញុំរវល់ប្រជុំរួចក៏ចុចបិទទូរស័ព្ទ។

បើតាមការលើកឡើងពីក្រុមអាជីវករ ប្រសិនបើមិនមានដំណោះស្រាយ សមស្របណាមួយទេ ពួកគាត់នឹងលើកគ្នា មកតវ៉ានៅមុខ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនខានឡើយ៕ ការិយាល័យផ្សព្វផ្សាយ012926014/ 0889846555

អត្ថបទដែលជាប់ទាក់ទង