ល្បែងស៊ីសង យីហោ《 ហេបភី ណេត》 របស់លោក ហី ទូច នៅ ខណ្ឌទួលគោកបានបើកដំណើរការឡើងវិញហើយនៅឡើយតែសមត្ថកិច្ចមិនទាន់ចុះបង្ក្រាប
ភ្នំពេញ ៖ទីតាំងល្បែងស៊ីសងដ៏ធំប្រចាំខណ្ឌទួលគោក យីហោ ហេបភីណេត ជាច្រេីនកន្លែង ដែលមានម្ចាស់ឈ្មោះហី ទូច ចាប់ផ្តេីមបេីកដំណេីរការវិញហេីយ ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងថ្ងៃទាំងយប់។
កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ប្រភេទ ដូចជា ហ្គេមបាញ់ត្រី ហ្គេម Internet Online និងល្បែងស៊ីផ្សេងទៀត។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក ល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។
ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។
សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី និងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេស លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោក អធិការខណ្ឌទួលគោក មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕