ភ្នំពេញ៖សូមលោក ជា ពិសី ជួយមើលទីតាំងបនល្បែងសង្វៀនជល់មាន់ មួយកន្លែងដែលកំពុងបើកលេងភ្នាល់លុយរាប់លានរៀល ក្នុងចំណុចក្លឹបកីឡាបាល់ទះនាគវ័ន្ត តាមបណ្ដោយផ្លូវចូលវត្តនាគវ័ន្ត ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយគេមិនឃើញមានសមត្ថកិច្ចចុះទៅធ្វើការបង្ក្រាបនោះឡើយ ឬមួយលោក ជា ពិសី លោករវល់តែចូលឆ្នាំចិន បានជាមិនមានពេលចុះមកមើលយ៉ាងដូច្នេះ។
បើតាមប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដេប៉ូ៣ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ទីតាំងល្បែងខុសច្បាប់ខាងលើនេះ មានប្រជាពលរដ្ឋខ្មែរនិងអ្នកមានលុយមួយចំនួនបានកែនគ្នាចូលទៅលេងល្បែងភ្នាល់បញ្ជល់មាន់ នៅចំណុចខាងលើនេះយ៉ាងគគ្រឹកគគ្រេងថែមទៀតផង។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនបានសម្ដែងមតិទាំងហួសចិត្តថា ប្រហែលជាអាជ្ញាធរខណ្ឌដេកលក់អស់ហើយបានជាមើលមិនឃើញនិងមិនដឹងថាក្នុងមូលដ្ឋានរបស់ខ្លួនកំពុងតែមានបនល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយរាប់សែនរាប់លានរៀល ក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើឲ្យពួកគាត់ភ្លេចការរកស៊ីនិងប្រកបការងារប្រចាំថ្ងៃរបស់ពួកគាត់។
ពាក់ព័ន្ធនឹងបនល្បែងស៊ីសងខាងលើនេះ អង្គភាពសារព័ត៌មានយើង បានព្យាយាមទំនាក់ទំនង ទៅកាន់លោកសុខ ហេង អធិការនៃអធិការដ្ឋានខណ្ឌទួលគោក តាមរយៈទូរស័ព្ទ ប៉ុន្តែតេមិនចូលហើយក៏មិនដឹងរាយការណ៍ជូនលោកតាមរយៈណាដែរ។ អង្គភាពសារព័ត៌មានរបស់យើងក៏បានទំនាក់ទំនងទៅកាន់លោក ជា ពិសី អភិបាលខណ្ឌទួលគោក បន្តទៀត ប៉ុន្តែទូរស័ព្ទចូលហើយក៏គ្មានអ្នកទទួលដែរ។
ពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីចូលរួមនូវគោលនយោបាយភូមិ.សង្កាត់ទាំង ៩ ចំណុចឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចក្រឡាហោមផងទាន៕