ភ្នំពេញ ៖ ជាក់ស្ដែងទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់ តាមប្រព័ន្ធអុីនធើណេតនៅផ្ទះលេខ69EO ផ្លូវ310 សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកងកំពុងបើកដំណើរការយ៉ាងរលូន ទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងក៏ដោយ។
ផ្ទុយទៅវិញ នៅក្នុងខណ្ឌបឹងកេងកង គេឃើញមានល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតជាច្រើនកន្លែង ដែលបានធ្វើការ ផ្សាយចេញពីកាស៊ីណូ កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនមានខ្លាចអាជ្ញាធរខណ្ឌថែមទាំងផ្គើននឹងប្រសាសន៍សម្ដេចក្រឡាហាម ស ខេង ថែមទៀតផង។
ទីតាំងបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេត ដែលបានធ្វើការផ្សាយផ្ទាល់ចេញពីកាសស៊ីណូ បានបើកដំណើរការស៊ីសង ដោយប្រើរូបភាពជ្រកក្រោមស្លាកយីហោសេវាអ៉ីនធីណែត។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានប្រាប់អោយដឹងថា ទីតាំងនេះមិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឡើយ ព្រោះតែម្ចាស់ទីតាំងបានដាក់ថ្នាំបំពុលទៅសមត្ថកិច្ចមូលដ្ឋានបើកភ្នែកមិនរួច ឃើញមានតែអ្នកចូលលេងទាំងយប់ទាំងថ្ងៃ ដូច្នេះហើយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យមើលជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ ស្របតាមសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោក អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ។
តាមប្រភពផ្សេងទៀតសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះធ្លាប់បង្ក្រាបចំនួន២ដងមកហើយៗបេីកវិញ សង្ស័យអភិបាលខណ្ឌ និងកងកម្លាំងប្រដាប់អាវុធមាត់ថា ប៉ុន្តែលូកដៃខាងក្រោមទេមិនដឹង។
ទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតឲ្យមានបទល្មើសដូចជា លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គម សូមលោក អភិបាលខណ្ឌនឹងអាជ្ញាធរពាក់ព័ន្ធមេត្តាសហការ ដើម្បីឈានទៅដល់ការលុបបំបាត់នូវទីតាំងល្បែងស៉ីសងទាំងអស់នេះផងទាន។
ជុំវិញ ករណី ខាងលើនេះ សារព័ត៌មានយេីង រង់ចាំការបកស្រាយបំភ្លឺ ពី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ៕