ប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា កូ យ៉ាន ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន
កណ្ដាល៖ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញគោរពវិញ្ញាណក្ខន្ឋសពឧបាសិកា កូ យ៉ាន ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន។
ស្ថិតក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ ប្រតិភូទាំងអស់ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះឯកឧត្តម ផៃ ប៊ុនឈឿន និងក្រុមគ្រួសារ ចំពោះការទទួលមរណៈភាព ដោយក្តីអាឡោះអាល័យបំផុតនូវការបាត់បង់ ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និង ពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ចំពោះ កូនៗ ប្អូនៗ និងចៅៗ ជាពិសេសក៏ជាការបាត់បង់នូវសប្បុរសជនមួយរូបដ៏សំខាន់ ដែលបានចូលរួមចំណែកក្នុងការងារមនុស្សធម៌។
គណៈប្រតិភូ បានសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកា កូ យ៉ាន បានសោយក្នុងឋានបរមសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ។
សពឧបាសិកា កូ យ៉ាន បានទទួលមរណៈភាពនៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០ៈ៤៩នាទី ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ៕