កណ្ដាល: នៅថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ២៤.២៥ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានម៉ូតូ ០១គ្រឿងម៉ាក HONDA.DREAM C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-2616 បើកបរដោយឈ្មោះ ជាវ សុភ័ក្ត្រ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរ ក្នុងទិសដៅភ្នំពេញ អ្នកលឿង ពេលមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានទៅបុករ៉ឺម៉កសណ្តោង ០១គ្រឿង ដែលខូចចតទុកនៅលើចិញ្ចើមផ្លូវជាតិទិសដៅស្រប ចំពីក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យម៉ូតូនឹងអ្នកបើកបរដួល ទៅលើផ្លូវជាតិក៏មានរថយន្ត០១គ្រឿងប្រភេទកុងទឺន័រសណ្តោងរ៉ឺម៉ក ម៉ាក HIYADAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6947 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅស្របភ្នំពេញ អ្នកលឿង បានកិនចំអ្នកបើកបរម៉ូតូបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ម្ចាស់រ៉ឺម៉កសណ្តោង និងអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចមកដល់ បន្សល់ទុកមធ្យោបាយនៅកន្លែងកើតហេតុ។
សាកសពអ្នកបើកបរម៉ូតូ បានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយបង្កកម្លាំងជំនាញ សណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ ធ្វើការវាស់វែងយករក្សាទុកជាភស្តុតាង។
ការសន្និដ្ឋាន៖ ករណីនេះ បណ្តាលមកពី អ្នកបើកបររ៉ឺម៉កសណ្តោងទុករ៉ឺម៉កសណ្តោង ដែលខូចលើចិញ្ចើមផ្លូវមិនមានដាក់ភ្លើងផ្លាកសញ្ញាសម្គាល់ បណ្តាលឲ្យអ្នកបើកបរម៉ូតូមើលមិនឃើញមកបុកពីក្រោយ ក៏ត្រូវរថយន្តកិនស្លាប់៕