សម្តេចតេជោ ហ៊ុន សែន ចាត់តាំង លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ចាត់តាំង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន។
សេចក្តីសម្រេចដែលដែល ទទួលបាន បញ្ជាក់ឱ្យដឹងថា «ត្រូវបានចាត់តាំង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារ បច្ចុប្បន្នរហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។
សេចក្តីសម្រេចបានបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ដ្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន។
សូមបញ្ជាក់ថា ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពី ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែង លោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕