ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងការិយាល័យពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

កណ្តាល ៖  នារសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ

២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងការិយាល័យពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ជាពិសេសការិយាល័យបោះឆ្នោតលេខ ១៦៩៧ ជាការិយាល័យបោះឆ្នោតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ដែរថា ការប្តូរព័ត៌មានផ្សេងៗនៅលើបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រូវទៅតាមអត្តសញ្ញាណបណ្ណ គឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបានសិទ្ធិបោះឆ្នោត។ ការប្តូរព័ត៌មាននេះ អាចធ្វើទៅបាននៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។

នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ។

ការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣។ អ្នកគ្រប់អាយុចូលរួមបោះឆ្នោត បើមិនទៅចុះឈ្មោះបោះឆ្នោតទេ មិនមានសិទ្ធិចូលរួមបោះឆ្នោតឆ្នាំ២០២៣នោះឡើយ។ អ្នកមានអាយុ ១៨ឆ្នាំឡើង ឬ អ្នកកើតមុន ឬ កើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ សុទ្ធតែអាចចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង