ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!
នាព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី លឹម តុលា ជំនួយការ
ការិយាល័យសង្រោ្គះគ្រោះមហន្តរាយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺបញ្ហាប្រព័ន្ធប្រសាទកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យ និងការអនុគ្រោះពីលោកប្រធានមន្ទីរពេទ្យ ព្យាបាលដោយមិនគិតប្រាក់ផងដែរ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ៤លាន រៀល, ទឹកសុទ្ធ ៥កេស, មី ៤កេស, ផ្លែឈើ ១កន្រ្តក ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕