មន្រ្តីស៊ីម៉ាក់ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះដល់ទៅ ២៨៤គ្រាប់កប់នៅក្នុងដីបរិវេណវិទ្យាល័យមួយកន្លែងក្នុងក្រុងក្រចេះ
ខេត្តក្រចេះ៖ គ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ត្រូវបានប្រទះឃើញកប់ដីនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ស្ថិតនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ខណៈមន្ដ្រីជំនាញស៊ីម៉ាក់កំពុងធ្វើការរុករកបន្ថែមទៀត។ ដោយឡែក សិស្សានុសិស្សត្រូវបានផ្អាកការសិក្សាបណ្ដោះអាសន្ន រង់ចាំមន្ដ្រីជំនាញបញ្ចប់ប្រតិបត្តិការរុករក។
បើតាមនាយកសាលាវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ បានបញ្ជាក់ថា កម្លាំងស៊ីម៉ាក់បានរាវរកប្រទះឃើញចំនួនគ្រាប់៤ប្រភេទរួមមាន៖ ប្រភេទM79 ចំនួន២៥០គ្រាប់ ប្រភេទDK75 ចំនួន១៦គ្រាប់ គ្រាប់ផ្លោង១៧គ្រាប់ និងB40ចំនួន១គ្រាប់ សរុបទាំងអស់គឺ២៨៤គ្រាប់។ នៅថ្ងៃទី១២ខែសីហានេះ កម្លាំងជំនាញស៊ីម៉ាក់កំពុងរុករកបន្តប្រទះឃើញគ្រាប់ជាច្រើនទៀត ហើយបេសកម្មរុករកនៅមិនទាន់បញ្ចប់នៅឡើយទេ។
យោងតាមកម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ បានអះអាងថា គ្រាប់ទាំងនេះ គឺគ្រាប់អាចផ្ទុះធ្វើឱ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតបាន។ ចំណែកឯទីតាំងប្រទះឃើញគ្រាប់នេះដូចជារណ្ដៅគេកប់គ្រាប់កាលពីសម័យសង្រ្គាម។ យ៉ាងណា ប្រតិបត្តិការរុករកយកគ្រាប់ចេញពីទីតាំងនេះនឹងធ្វើឡើងរយៈពេលប្រហែលជា២ថ្ងៃទើបបញ្ចប់៕