មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំការច្រកតោល នៅតែបន្តឱ្យមានក្រុមជនប្រព្រឹត្តបទល្មើសកាប់រុករាន ដុតបំផ្លាញព្រៃ ហើយដឹកជញ្ជូនឈើចេញពីព្រៃឡង់ទៅបាន..?
ជារឿយៗៗ គេឃើញសមត្ថកិច្ចចាប់បានឈើ ដែលដឹកបន្លំតាមរថយន្តទំនើបៗ ឬរថយន្តបែកកង់ ឬក្រឡាប់ទៅឃើញឈើជាដើម ។ ប៉ុន្តែ ឈើ ដែលសមត្ថកិច្ចចាប់បាន តែប្រភេទឈើ ដែលដឹកតាមមធ្យោបាយតូចៗប៉ុណ្ណោះ។
រីឯការចាប់នេះទៀត គឺចាប់បានតែឈើប៉ុណ្ណោះ រីឯឈ្មួញរកស៊ីឈើធំៗ ដូចជាលោកស្រីញ៉ែម ខេន ឈ្មោះ អ៊ឹម ហុង មានមុខរបរជាគ្រូបង្រៀន និងប្រពន្ធឈ្មោះ យឹម ហ៊ីម មិនដែលចាប់បានយកមកផ្ដន្ទាទោសម្ដងណានោះទេ។
ម្យ៉ាងទៀតមិនដឹងថា មានឈើប៉ុន្មានទៀត ដែលពួកឈ្មួញដឹកទៅលក់ជារៀងរាល់ថ្ងៃនោះ ។
ជាការពិតណាស់ ! មានហេតុផលគ្រប់គ្រាន់ ដែលបញ្ជាក់ថា: ការទប់ស្កាត់ជំនួញឈើខុសច្បាប់មិនជាការពិបាករហូតដល់គ្រប់គ្រងមិនបាននោះទេ។
នៅមានករណីកាប់ឈើម្យ៉ាងទៀត ដែលគេមិនអាចគ្រប់គ្រងបានដែរនោះគឺ ការកាប់ឈើដោយស្របច្បាប់តាមរយៈដីសម្បទានសេដ្ឋកិច្ច ។ សេដ្ឋកិច្ចជាច្រើន ដែលឈ្មួញបានចំណេញយ៉ាងច្រើនក្រាស់ក្រែល ដោយគ្រាន់តែកាប់ឈើលក់ក្រោមស្លាក កាប់ឈើក្នុងដីសម្បទានសេដ្ឋកិច្ច ។ ក្រុមហ៊ុនខ្លះ ថែមទាំងអាចប្រមូលឈើពីកន្លែងផ្សេងដឹកចេញទៀតផង ។ ទាំងអស់នេះ គឺជាមូលហេតុសំខាន់ៗដែលធ្វើឲ្យឈ្មួញឈើមានឥទ្ធិពលជាងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅវិញ។
សម្រាប់ក្រុមអ្នកតាមដាន និងវិភាគបញ្ហាសង្គមកម្ពុជា គេមិនអាចបណ្តោយឲ្យបញ្ហានេះ ស្ថិតក្នុងស្ថានភាពមិនអាចគ្រប់គ្រងបានដូច្នេះទៀតទេ។ មិនបានដោយហេតុថា :
ទី១. វានឹងធ្វើឲ្យបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសាបរលាបកាន់តែខ្លាំងនៅចំពោះមុខមហាជនទូទៅ។
ទី២. វានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់រដ្ឋាភិបាល ពីព្រោះបញ្ហានេះ បាននិងកំពុងក្លាយជាប្រធានបទក្តៅមួយ ដែលរដ្ឋាភិបាលរងការរិះគន់ជាយូរណាស់មកហើយ។
និងទី៣.ការកាប់បំផ្លាញព្រៃឈើនឹងបង្កើតឲ្យមានវិបត្តិសង្គមធំធេងមួយ នៅថ្ងៃអនាគត ពោលគឺព្រៃឈើក៏អស់ចំណូល រដ្ឋក៏គ្មាន រីឯប្រជាសហគមន៍ ក៏គ្មានទីពឹងសម្រាប់អាស្រយ័ផលទៀតដែរ។ ផលវិបាកទាំងនេះ មានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ ដែលរដ្ឋាភិបាលគួរពិចារណាឡើងវិញ ជាចាំបាច់អំពីគោលនយោបាយគ្រប់គ្រងព្រៃឈើ ៕