ល្បែងហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ប្រភេទកាស៊ីណូ យីហោ ចូស្នូកឃឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែអាជ្ញាធរមិនទាន់ចុះបង្ក្រាបនៅឡើយទេ

(ភ្នំពេញ)៖ មហាជនរងចាំមើល តើអភិបាលខណ្ឌចំការមនហ៊ានចុះបង្ក្រាបបនល្បែងស៊ីសងនៅក្នុងផ្សារចិនមួយកន្លែងដែលបង្កប់ល្បែងស៊ីសងជាច្រើនមុខដែលមានយីហោ ចូស្នូកឃឺ តាមបណ្តោយផ្លូវលេខ៧៨ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកដំណើរការលេងល្បែងឡើងដុះស្លែហើយ រហូតមកដល់ពេលនេះ អាជ្ញាធរខណ្ឌចំការមន មិនទាន់មានចំណាត់ការក្នុងការចុះបង្ក្រាបនៅឡើយទេបើទោះជាមានសេចក្តីរាយការណ៍ ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយនេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងខ្ញុំទើបទទួលបាន។

បើតាមប្រភពបានបង្ហើបប្រាប់ថា កន្លងមក លោកអភិបាលខណ្ឌចំការមនតែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌចំការមន ចុះបង្ក្រាបល្បែងស៊ីសង និងហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើមប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងស៊ីសងខាងលើនេះចាប់ផ្ដើមបើក លេងល្បែងយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចក៏ដូចជាខណ្ឌចំការមនឡើយ ។ ទង្វើនេះបញ្ជាក់ឱ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននឹងអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា។

ឬមួយក៏បនល្បែងខាងលើមានខ្សែធំបានជាអភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកចូលលេងល្បែងកំពុងតែប្រមូលផ្ដុំគ្នាមានស្រី មានប្រុស លេងយ៉ាងសប្បាយដោយមិនខ្វល់ខ្វាយខ្លាច សមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើមានការយាមកាមពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឱ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ប្រភពបន្តថា បនល្បែងខាងលើនេះ មានដូចជាស្នូកឃ័រ ល្បែងបាញ់ត្រី និងល្បែងផ្សេងជាប្រភេទល្បែងកាស៊ីណូ លេងភ្នាល់ប្រាក់រាប់ម៉ឺនលានរៀល ក្នុងមួយថ្ងៃៗ និងតាមប្រភពខ្លះថា មើលទៅអាជ្ញាធរគេទុកគ្រាន់តែចិញ្ចឹមឆ្នាំងបាយ។

គួរបញ្ជាក់ថា ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុចដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងបនល្បែងស៊ីសងមួយនេះផងទាន៕

 

អត្ថបទដែលជាប់ទាក់ទង