កណ្តាលះ សមត្ថកិច្ចបានចាប់ខ្លួនផ្កាយបីយោធា និងបក្ខពួកចំនួន ៣នាក់ ពាក់ព័ន្ធករណីក្លែងហត្ថលេខា និងត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធ្វើលិខិត ស.ជ.ណ ពាក់ព័ន្ធដីទំហំ ៨.៦០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ក្នុងតម្លៃ ១លាន ៥សែនដុល្លារ។
ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាប់ខ្លួនកាលពីថ្ងៃទី២៣-២៦ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី២៧ ខែកុម្ភៈ នេះ ដោយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។
ជនសង្ស័យ០៤នាក់ដែលចាប់ខ្លួបរួមមាន:
១.ឈ្មោះ យ៉ែម សារឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
២.ឈ្មោះ សួន ផល្លី ហៅ ប្រឹមប្រិយ៍ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃដើមថ្នឹង៣ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
៣.ឈ្មោះ មាស ភូរិន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរទីលំនៅបច្ចុប្បន្ន ភូមិក្បាលទំនប់ សង្កាត់
បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤.ឈ្មោះយ៉ាន់ ចំណាប់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិក សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមាន : អាវយោធាដៃខ្លី ដែលមានផ្លាកឈ្មោះ ឧ.យ៉ាន់ ចំណាប់ និងឋានន្តរស័ក្តិផ្កាយ៣ ០១គូរ។ទូរសព្ទដៃ ០៧គ្រឿង រថយន្ត ០៤គ្រឿង (Land Cruiser ០១គ្រឿង Lexus 330 ០២គ្រឿង និងMercedes ០១គ្រឿង) អាវុធខ្លី ០១ដើម និងឯកសារវត្ថុតាងមួយចំនួន។
ជនជាប់ចោទទាំង ៤នាក់ ត្រូវបានលោករស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ដោយក្នុងនោះ ឈ្មោះ យ៉ាន់ ចំណាប់ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងលិខិត ក្លែងហត្ថលេខា និងត្រារបស់សម្តេចនាយករដ្ឋមន្ត្រី) ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនិងយោធា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
ឈ្មោះ សួន ផល្លី , ឈ្មោះ យ៉ែម សារឿន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង។
ឈ្មោះ មាស ភូរិន្ទ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទសមគំនិតក្នុងអំពើប្រើប្រាស់ឯកសារសាធារណៈក្លែង។