យានដ្ឋានកែច្នៃរ និងជួសជុលថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានភ្នំពេញ ត្រូវបានបិទអាជីវកម្ម
ភ្នំពេញ៖ យានដ្ឋានកែច្នៃរ និងជួសជុលថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការណ៍ជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។
ការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
តាមការអោយដឹងពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួនអោយបានទាំងស្រុង ។ ដោយយោងទៅតាមការណែនាំនេះ និងស្របតាមអនុសានស៍ ណែនាំបន្ថែមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបនៅថ្ងៃនេះមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតអោយអស់ទាំងស្រុង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង និងត្រូវធ្វើការបិទចំនួនជាង៤០ ដែលជាទីតាំងគ្មានច្បាប់អនុញ្ញាត ។
សូមបញ្ជាក់ថា យានដ្ឋានជួសជុលថយន្តក្នុងរាជធានីភ្នំពេញសរុបមានចំនួន ៩៧១ គ្មានច្បាប់អនុញ្ញាតចំនួន៣៩០ ទីតាំង យានដ្ឋានកែច្នៃរថយន្តចំនួន ២៤ទីតាំង គ្មានច្បាប់អនុញ្ញាតចំនួន ២២ ទីតាំង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខមាន ១១០ ទីតាំង និងគ្មានច្បាប់អនុញ្ញាតជាង៤០ទីតាំង ៕