ឃើញជុំៗស្មានតែជប់លៀង តាមពិតនាំគ្នាលេងជល់មាន់ភ្នាល់លុយសោះនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ

ខេត្ដត្បូងឃ្មុំ ៖ ទីតាំងបញ្ជាល់មាន់ និងបាញ់អាប៉ោងមួយកន្លែងដុះស្លែ ស្ថិតនៅត្រង់ចំណុចឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ដែលមានឈ្មោះ ហាក់ ជាម្ចាស់ង្វៀនដ៏ធំ បានបើកលេងដោយមិនរំខានសមត្ថកិច្ចបន្ដិចសោះ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មានឲ្យដឹងថា ទីតាំងបញ្ជាល់កន្លែងនេះបានបើកលេងជាយូរណាស់មកហើយ ដោយគ្មានសមត្ថកិច្ចណាចុះធ្វើការបង្ក្រាបទេ ដោយបានបណ្ដែតបណ្ដោយ ឲ្យទីតាំងមួយនេះដុះស្លែ គ្មានខ្លាចញញើតនឹងផ្លូវច្បាប់នោះទេ។

ប្រភពបន្តពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភថា នឹងអាចមានបទល្មើសកើតឡើង ដែលកើតចេញពីទីតាំង ល្បែងស៊ីសងមួយនេះ ព្រោះកន្លងមកមានអ្នកចាញ់ល្បែងហើយបង្កឲ្យមានអំពើហិង្សាកើតឡើង យ៉ាងអនាធិបតេយ្យតែម្តង។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពង្រឹងទៅលើភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ជាពិសេសនៅតាមមូលដ្ឋានមួយចំនួន មិនឲ្យមានបទល្មើសល្បែងស៊ីសងនោះទេ ប៉ុន្តែទីតាំងមួយនេះ បានផ្គើនទៅនឹងភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលទៅវិញ ដូច្នេះពួកគាត់សង្ឃឹមលើអាជ្ញាធរ មានវិធានការក្នុងការបង្ក្រាប។

ទាក់ទងនឹងករណីនេះ អង្គភាពព័ត៌មានយើងពុំអាច ទទួលការបំភ្លឺ ពីលោក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារ បាននោះទេ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាមាន វិធានការចំពោះទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋាននេះផងទាន៕

អត្ថបទដែលជាប់ទាក់ទង