ភ្នំពេញ ៖ បុរសជានិស្សិតសាលាកូរ៉េម្នាក់ខណៈកំពុងជិះម៉ូតូ ត្រូវបានរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX ១គ្រឿងបើកបុកពីក្រោយ ខ្ទាតប៉ះខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅតាមមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅមុខសាលាពហុបច្ចេកទេសកម្ពុជាហៅ (សាលាកូរ៉េ) ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ នុត វុឌ្ឍី អាយុ៣០ឆ្នាំ និស្សិតសាលាពហុបច្ចេកទេសកម្ពុជាហៅ (សាលាកូរ៉េ) មានទីលំនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បុរសរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក YAMAHA ធុនធំ ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IF-6047 ធ្វើដំណើរក្នុងទិសដៅឆ្លងផ្លូវពីជើងទៅត្បូង។ដល់ចំណុច កើតហេតុ មានរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3B-1069 បើកបរដោយបុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ស្របទិសបានបុកផ្ទប់ខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅចំណុចកើតហេតុ ហើយរាយការណ៍បន្តទៅកាន់ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ នគរបាលជំនាញចរាចរណ៍បានវាស់វែងធ្វើកំណត់ហេតុ នាំយករថយន្ត និងម៉ូតូទៅរក្សាទុក ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕