ពេទ្យ ម្លិះ ដង្កោ ទុកក្មេងអោយស្លាប់ឬ មិនព្រមបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ព្រោះតែលុយ 200$ ?

ភ្នំពេញ៖ មន្ទីរពហុព្យាបាលនិងសម្ភព ម្លិះ ដង្កោ រងការចោទប្រកាន់ ថា បានទុកក្មេងប្រុសអាយុទើបតែ១៤ឆ្នាំ អោយស្លាប់ឬ ព្រោះតែខ្វះលុយ 200$ មិនព្រមបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ? ។ នេះជាសំណួរចាក់ដោតពីលោកផ្កាយ២ ឈឿន ប៊ុនឆន ។

លោក ឈឿន ប៊ុនឆន សរសេរតាមបណ្តាញសង្គម Facebook កាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដោយមានខ្លឹមសារទាំងស្រុង ថា ៖

ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ ។ កុមារនេះជាកូនរបស់បុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំដោយជីវភាពគ្រួសារក្រីក្រ ។

ថ្ងៃនេះក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ ។ ម្នាក់ចំណោម២នាក់រងគ្រោះបានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។ មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ ។

ឳពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល ។

ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬ? ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ ។ ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិក័យប័ត្រនេះផងដែរ ។

អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ… នេះហើយផ្នែកមួយដំបៅនៃសង្គមយើងសព្វថ្ងៃ…

ទោះបីយ៉ាងណា ពេលនេះ នៅមិនទាន់មានការបកស្រាយបែបណាពីខាង មន្ទីរពហុព្យាបាលនិងសម្ភព ម្លិះ ដង្កោ នៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង