លំហូរចូលមកលេងល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុក ខ្លះអត់ប៉ាស្ព័រ ខ្លះមានប៉ាស្ព័រដោយសេរីខណ:សមត្ថកិច្ចហាក់មើលមិនឃើញ
ខេត្តព្រៃវែង ៖ លោក ម៉ុន មេប៉ុស្តិ៍នគរបាលច្រករបៀងស្វាយអាង៉ោងហាក់បីដូចកំពុងបើកដៃឱ្យជនអន្តោប្រវេសន៍លំហូរចូលមកលេងល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុក ខ្លះអត់ប៉ាស្ព័រ ខ្លះមានប៉ាស្ព័រដោយសេរីខណ:មេប៉ុស្តិ៍ប្រចាំច្រកហាក់កំពុងបើកដៃឱ្យចូលលេងដោយសេរី។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក បានបញ្ជាក់ឱ្យដឹងថា កាស៊ីណូមានយីហោ 33 ចាប់ផ្តើមបើកដំណើរការវិញហើយសម្រុកឱ្យជនជាតិយួននិងខ្មែរចូលលេងល្បែងច្រើនប្រភេទដូចជា បញ្ជល់មាន់ បៀរ អាប៉ោង ឡុកឡាក់ ជាដើមយ៉ាងពេញទំហឹង ។
ទន្ទឹមនឹងនេះក៏មានជនជាតិយួនឆ្លងចូលទឹកដីខ្មែរ មានស្ពាយកន្ត្រកមាន់មកជាមួយដែរហើយសមត្ថកិច្ចខ្មែរការពារព្រំដែនច្រករបៀងព្រំដែនស្វាយអាង៉ោងមិនចាត់វិធានការទប់ស្កាត់នោះទេ ទុកឱ្យលេងយ៉ាងពពាក់ពពូនតាមអំពើចិត្ត។
មជ្ឈដ្ឋានខាងក្រៅបានរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋាន នៅឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តោយឱ្យបុគ្គលម្ចាស់កាស៊ីណូមួយកន្លែងនៅតំបន់ច្រករបៀងព្រំដែនស្វាយអាង៉ោង បើកឱ្យប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងគគ្រឹកគ្រេង គ្មានញញើតអ្វីទាំងអស់។
ហេតុនេះ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិមិនគួរមើលរំលងភាពអសកម្ម របស់សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានដែលបណ្តែតបណ្តោយឱ្យមានល្បែងបញ្ជល់មាន់ខ្នាតធំ ក្នុងទឹកដីខេត្តព្រៃវែងតទៅទៀតឡើយ។
សូម្បីតែលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងក៏មិនហ៊ានប៉ះពាល់ម្ចាស់កាស៊ីណូ33នៅច្រករបៀងព្រំដែនស្វាយអាង៉ោងនោះដែរព្រោះបុគ្គលរូបនេះអាងខ្នងបង្អែករឹងមាំចាំជួយបិទបាំង ។
ប្រជាពលរដ្ឋក្នុងឃុំចាម ស្រុកកំពង់ត្របែក បានអំពាវនាវឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់ម្ចាស់កាស៊ីណូនៅតំបន់ច្រកព្រំដែនស្វាយអាង៉ោង ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គម។
ដោយហេតុថាបច្ចុប្បន្នម្ចាស់កាស៊ីណូនោះបើកឱ្យពលរដ្ឋខ្មែរពីគ្រប់ទិសទីចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងហើយលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងសម្ងំស្ងាត់ឈឹង។
ប្រការនេះធ្វើឱ្យប្រជាពលរដ្ឋមានសេចក្ដីទុក្ខព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះល្បែងស៊ីសងកំពុងធ្វើឱ្យកើតមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ គួរឱ្យកត់សម្គាល់ថែមទៀតផង៕