មនុស្ស៣នាក់ បានស្លាប់នៅនឹងកន្លែង ឯម្នាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្ត បុកជាម៉ូតូ ឈប់នៅលើចិញ្ចើមផ្លូវ បំរុងឆ្លងថ្នល់

ពោធិ៍សាត់៖ នៅ ថ្ងៃទី១៦ មេសា ២០២៣ ក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានមនុស្សបីនាក់ បានស្លាប់នៅនឹងកន្លែង ឯម្នាក់ផ្សេងទៀត រងរបួសធ្ងន់ ដោយសាររថយន្ត បុកជាម៉ូតូ ឈប់នៅលើចិញ្ចើមផ្លូវ បំរុងឆ្លងថ្នល់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោង ចន្លោះគីឡូម៉ែត្រលេខ១៥៤ និង ១៥៥ ស្ថិតនៅក្នុងភូមិ កណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មុនពេលកើត ហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាក MG-RX5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NARY-7170 បើកបរដោយឈ្មោះ ញិល ឆេងកុសល ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ បានធ្វើចរាចរ ក្នុងទិសដៅពីទិសខាងកើត ទៅខាងលិច លុះមកដល់ចំណុចកើត ហេតុខាងលើ បានរេចង្កូតទៅបុកម៉ូតូ ដែលឈប់នៅចិញ្ចើមផ្លូវ ខណៈដែលបំរុង ឆ្លងថ្នល់ ពីទិសខាងជើង ទៅខាងត្បូង យ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូត ១គ្រឿង ម៉ាក HONDA-C125 សេរី 017 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-3374 បើកបរដោយឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មានលំនៅ នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់ នៅនឹងកន្លែង ហើយអ្នករួមដំណើរ បីនាក់ ទី១ ឈ្មោះ សុខ គីមឡាង អាយុ ៣៨ ឆ្នាំ ត្រូវជាប្រពន្ធ បានស្លាប់ទាំងកូននៅក្នុងផ្ទៃ ទី២ ឈ្មោះ ណាប៊ិន យ៉ា ភេទស្រី អាយុ ៣ ឆ្នាំ ត្រូវជាកូន ស្លាប់ និង ទី៣ ឈ្មោះ ណាប៊ិន កេត ភេទប្រុស អាយុ ៥ ឆ្នាំ ត្រូវជាកូន រងរបួសធ្ងន់ ទាំង៤នាក់ រស់នៅភូមិ ឃុំ ស្រុក ជាមួយគ្នា។
ដោយឡែក អ្នករងបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ។ ដោយឡែក អ្នកស្លាប់ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់សាកសពទាំង បីនាក់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។
ក្រោយពេលកើតហេតុ នេះ សមត្ថកិច្ច បានប្រគល់រថយន្ត និងម៉ូតូ ឱ្យទៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ កសាងសុំណុំរឿង នាំយកទៅរក្សាទុក ជាវត្ថុតាង ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង