លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានចូលខ្លួនមកបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងកំពតហើយ ករណីហិង្សាលើភរិយា
ខេត្តកំពត ៖ បើយោងតាមគណនីហ្វេសបុកមួយ ដែលអះអាងថា ជាភរិយារបស់លោក គឹម បញ្ញា បានបង្ហោះរូបភាព និងវីឌីអូ ជាច្រើនឃ្លីប ដោយចោទប្រកាន់ថា លោកអភិបាលរងក្រុងបូកគោ បានប្រើប្រាស់ហិង្សាម្តងហើយម្តងទៀត ទោះបីធ្លាប់ធ្វើកិច្ចសន្យាឈប់ប្រើហិង្សាក្តី ។
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានចូលខ្លួនមកបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងកំពតហើយ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត អញ្ជើញលោក គឹម បញ្ញា ចូលមកបំភ្លឺករណីហិង្សាលើភរិយារបស់ខ្លួន ។
ភរិយារបស់លោក គឹម បញ្ញា ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Ah Leak បានបង្ហោះសារថា «នាងខ្ញុំឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមីឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពីឆ្នាំ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិ.ង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហិ.ង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប និងវីដេអូទាំងនេះ ដើម្បីអោយបងប្អូនមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះ វាសមនឹងជាអ្នកដឹកនាំទេ ? (អភិបាលរងក្រុងបូកគោ)» ។
លោកស្រី ម៉ាត់ លក្ខិណា ក៏បានសំណូមពរដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មេត្តាជ្រាប និងជួយស្វែងរកយុត្តិធម៌ជូនរូបនាងផងដែរ ៕