(កណ្តាល)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនដែលបានអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្នុងខេត្តកណ្តាល រួមមាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសស្វែងយល់ អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឱ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងាររាជរដ្ឋាភិបាល ជាមួយនឹងបងប្អូនអតីតយុទ្ធជន ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ និងការដឹងគុណ ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់ឆ្លងកាត់ជីវិតជាកងទ័ព ជាយុទ្ធជន ស្គាល់ច្បាស់ពីការលំបាក និងបានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិ តស៊ូប្តូរជីវិត ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ រហូតដល់ប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រែក្លាយពីស្ថានភាព នៃការបំផ្លិចបំផ្លាញ ដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានឱ្យដឹងថា៖ចំពោះការបំពាក់ជូននូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាក្នុងឱកាសនេះគឺដើម្បីសម្តែងនូវការគោរពដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នូវគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។
ឯកឧត្តមអភិបាលខេត្តកណ្តាល បានបន្តថា៖ដោយបានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានជួយការគាំពារ ជម្រុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល កៀរគរ និងលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជន ដូចជាការផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែ (ប.ស.ស) ជូននិវន្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ មួយវិញទៀត រាជដ្ឋាភិបាលបាន ផ្តល់សម្បទានដីសង្គមកិច្ច និងការកសាងផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនផងដែរ។
សូមបញ្ជាក់ថា៖អតីតយុទ្ធជនដែលត្រូវបំពាក់គ្រឿងឥស្សរិយយសមកពីក្រុង-ស្រុកចំនួន៤ រួមមាន៖ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ស្មើនិង១,៣០៣នាក់៕