ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៣៣នាក់ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៦១ករណី នៅទូទាំងប្រទេស។
បើតាមតាមលោក ទូច សុឃៈ (សុខៈ) ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញមួយសប្ដាហ៍មកនោះ មានជនរងគ្រោះ៦៨នាក់បានរួចផុតពីមច្ចុរាជ ប៉ុន្តែពួកគេបានរងបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។
បញ្ហាចរាចរណ៍ ជារបៀបវារៈការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ។ ប្រតិបត្តិតាមអនុសាសន៍របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកបើកបរបង្ករ ពិសេស អ្នកបើកក្នុងស្ថានភាពស្រវឹង, ពង្រឹងការដាក់គោលដៅត្រួតពិនិត្យលើអ្នកល្មើសច្បាប់ចរាចរណ៍ទូទាំងប្រទេស និង ជាពិសេស ការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ជាដើម។
ពេញមួយឆ្នាំ២០២៣កន្លងទៅ នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤ ៥១៥ករណី កើនឡើងជាងឆ្នាំ២០២២ ដែលមានត្រឹម ៤ ០២៦ករណី។ ចំណែក អត្រាអ្នកស្លាប់វិញ មានចំនួន ១ ៥៩០នាក់ ថយចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០២២។ យ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកឆ្នាំ២០២៤នេះ ថាជាឆ្នាំគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឈានចូលបន្ទាត់ក្រហម ដែលគ្រប់ភាគីត្រូវរួមគ្នាដោះស្រាយ៕