ឃាត់អ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ម្នាក់ ធ្វើដំណើរតាមជើងយន្តហោះ រកឃើញ….

ភ្នំពេញ៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នក ដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ចំនួន ១នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន។

តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine មានទម្ងន់ ៤ ៩៦៥,៣០ ក្រាម។ ជនសង្ស័យ វត្ថុតាង និងសម្ភារៈរបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង