ឯកឧត្តមអភិបាលខេត្តកណ្តាល ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ក្នុងភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល

(កណ្តាល)៖ ដោយសារតែគ្រោះធម្មជាតិបានបង្កធ្វើឲ្យបាក់ច្រាំងទន្លេមេគង្គ ប្រវែងជាង ៣០០ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ បណ្តាលឱ្យបាក់ស្រុតកៀកនឹងលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅត្រង់ចំណុចភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមើលឃើញបញ្ហាបែបនេះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់ អញ្ជើញចុះពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ ជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យដោយផ្ទាល់នៅទីតាំងបាក់ច្រាំងនេះ ហើយឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះអកុសលនានា ដែលអាចកើតមានជាយថាហេតុ ជាមួយគ្នានេះដែរឯកឧត្តមក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវរកកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព។

សូមបញ្ជាក់ថា៖ ការបាក់ច្រាំងខាងលើនេះ គឺបណ្ដាលមកពីគ្រោះធម្មជាតិ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ដែលបានបណ្តាលឱ្យបាក់ច្រាំងសង្កត់លើទូក៣គ្រឿង និងបង្កឱ្យមនុស្ស៤នាក់គ្រោះថ្នាក់ ក្នុងនោះម្នាក់របួសស្រាល ពីរនាក់របួសធ្ងន់ និងម្នាក់ទៀតបាត់ខ្លួនរកសាកសពមិនទាន់ឃើញ ហើយបច្ចុប្បន្ននេះអាជ្ញាធរមូលដ្ឋានកំពុងតែខិតខំស្វែងរកសពជូនគ្រួសាររងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង