ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះដោះស្រាយវិវាទជាមួយកម្មករ កម្មការនីរោងចក្រចំនួន០២
កណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាដល់ក្រុមការងារដោះស្រាយវិវាទជាមួយកម្មករ កម្មការិនី រោងចក្រចំនួន២ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ត្រូវអនុវត្តនីតិវិធីការងារ ទាំងថ្ងៃទាំងយប់ធ្វើយ៉ាងណាត្រូវបើកប្រាក់ជូនកម្មករឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត បានដាក់បញ្ជាបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញប្រគល់សម្ភារៈ របស់រោងចក្រឌិកនើធី និងរោងចក្រអ៊ីកូបេស ជូនក្រុមហ៊ុនមួយដែលធ្វើការដេញថ្លៃបាន នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅរោងចក្រ ឌិកនើធី។
ឯកឧត្តមបន្តថា ដើម្បីសម្រួលដល់បងប្អូនកម្មករ កម្មការិនី ដែលបានទន្ទឹងនូវប្រាក់ឧបត្ថម្ភនានា បន្ទាប់ពីម្ចាស់រោងចក្រចំនួនពីរនេះ ត្រូវបានថៅកែរត់ចោលកាលពីកំឡុងចុងឆ្នាំ២០១៩។ ហើយនៅពេលនេះ យើងបានធ្វើការដេញថ្លៃជាសាធារណៈ នូវសម្ភារៈរបស់រោងចក្រទាំងពីរនេះ បានរួចរាល់ហើយ ដូច្នេះសូមឱ្យក្រុមការងារទាំងអស់ ត្រូវធ្វើការអនុវត្តតាមនីតិវិធីការងារ ធ្វើយ៉ាងណាពន្លឿនដល់ការបើកប្រាក់ជូនបងប្អូនកម្មករ កម្មការនី ឱ្យបានមុនថ្ងៃចូលឆ្នាំចិនខាងមុខនេះផងដែរ។
ក្នុងឱកាសនោះដែរបងប្អូនកម្មករ កម្មការនីរោងចក្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីផលប្រយោជន៍របស់បងប្អូន កម្មករ កម្មការិនី រហូតទទួលបានលទ្ធផលនៅពេលនេះ។
សូមបញ្ជាក់ផងដែរថា រោងចក្រឌិកនើធី និងរោងចក្រអ៊ីកូបេស ត្រូវបានថៅកែរោងចក្រ រត់ចោលកាលពីចុងឆ្នាំ២០១៩ ដែលមានកម្មករសរុបជាង ១ពាន់នាក់។ ហើយកម្មករដែលត្រូវទទួលបានអត្ថប្រយោជន៍រួមមាន៖ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ដែលក្រុមហ៊ុននៅមានជំពាក់។