ប្រជាពលរដ្ឋជួបជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ២៥ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ
ភ្នំពេញទះ នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ២៥គ្រួសារ មកពី ៦ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាស់នោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ទន្ទឹមនឹងនេះ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព ជាពិសេសបន្តការពារ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់បង្ការហានិភ័យពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖
អង្ករ ១បាវ ២៥គីឡូក្រាម មី ១០កញ្ចប់ ទឹកត្រី ១ដប
ទឹកសុីអុីវ ១ដប ត្រីខ ២កំប៉ុង ទឹកដោះគោ ១កំប៉ុង
ទឹកក្រូច ២កំប៉ុង ថវិកា ២មុឺនរៀលក្នុងមួយគ្រួសារផងដែរ ៕